ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី​វៀតណាម​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ឆបោក​ទំហំ ​១២​ពាន់​លាន​ដុល្លារ​

(ហាណូយ)៖ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានឲ្យដឹងថា តុលាការប្រទេស​វៀតណាម​សម្រេចបាន​កាត់ទោស​ប្រហារជីវិត​មហាសេដ្ឋី​អចលនទ្រព្យលោកស្រី Truong My Lan ជុំវិញ​ការចោទប្រកាន់ក្នុង​សំណុំរឿង​ឆបោក​ហិរញ្ញវត្ថុ​ទំហំ ៣០៤ពាន់​ពាន់​លាន​ដុង ស្មើនឹង ១២,៤៦ពាន់​លាន​ដុល្លារ​អាមេរិក ដែលជាករណី​ដ៏​ធំ​បំផុតក្នុងប្រវត្តិសាស្រ្ត​របស់​ប្រទេស​នេះ។

សេចក្តីរាយការណ៍ខាងលើបានបញ្ជាក់ថា លោកស្រី Lan ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទកេងបន្លំ សូកប៉ាន់ និងរំលោភលើច្បាប់ធនាគារនៅពេលបញ្ចប់ការកាត់ក្តី។

សូមជម្រាបថា ដំណើរការកាត់ក្តីដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៥ ខែមីនា និងបានបញ្ចប់លឿនជាងការគ្រោងទុកខាងលើនេះ បានធ្វើឡើងក្រោមយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយដែលត្រូវបានផ្តួចផ្តើមឡើងដោយមេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច លោក Nguyen Phu Trong

ចាប់តាំងពីយុទ្ធការខាងលើនេះបានចាប់ផ្តើម ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​រាប់រយ​នាក់ និង​នាយក​ប្រតិបត្តិ​អាជីវកម្ម​ល្បីៗជាច្រើនក្នុងប្រទេសវៀតណាមត្រូវ​បាន​កាត់ទោស ឬ​បង្ខំ​ឱ្យ​ចុះ​ចេញពី​តំណែង​។

សូមបញ្ជាក់ថា លោក Lan និងអ្នកសមគំនិតត្រូវបានចោទប្រកាន់ពីបទលួចយកលុយជាង ៣០៤ ពាន់ពាន់លានដុងពីធនាគារ Saigon Joint Stock Commercial (SCB) ដែលលោកស្រីមានលទ្ធភាពគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពក្នុងការអនុញ្ញាតលើដំណើរការនានាតា​មរយៈការកាន់កាប់ភាគហ៊ុនមួយផ្នែកធំក្នុងធនាគារនេះ។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ចាប់ពីដើមឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២២ នៅពេលដែលរដ្ឋបានផ្តល់ការគាំទ្រផ្នែកជំនួយហិរញ្ញវត្ថុដល់ SCB ដើម្បីបន្តសេវាប្រាក់បញ្ញើរបស់ខ្លួន លោកស្រី Lan បានទទួលប្រាក់យ៉ាងច្រើនពីការរៀបចំគ្រោងខ្ចីប្រាក់ខុសច្បាប់ដោយប្រើប្រាស់ក្រុមហ៊ុនខ្មោចជាច្រើនដែលលោកស្រី និងបក្ខពួកបានបង្កើតឡើង។

ទោះជាយ៉ាងណាក្តី សមាជិកគ្រួសាររបស់លោកស្រីបានឲ្យដឹងថា លោកស្រី Lan នឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមខាងលើនេះ៕