ព័ត៌មានអន្តរជាតិ

ចិននឹងកាត់បន្ថយការធ្វើអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងវិស័យឧស្សាហកម្

Reuters: យោងតាមការលើកទ្បើងពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានឲ្យដឹងថា រដ្ឋាភិបាលខ្លួននឹងកាត់បន្ថយការធ្វើអន្តរាគមន៍ដោយផ្ទាល់ក្នុងវិស័យឧស្សាហកម្មដ៏ធំរបស់ខ្លួនខណៈដែលបាននឹងកំពុងព្យាយាមបន្ធូរបន្ថយកង្វល់លើបញ្ហាគោលនយោបាយឧស្សាហកម្មដែលជាស្នូលនៃការត្អូញត្អែររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង២។

សូមជម្រាបថា ការសន្យារបស់រដ្ឋាភិបាលខាងលើក្នុងការកាត់បន្ថយឥទ្ធិពលរបស់ខ្លួនលើបញ្ហាប្រតិបត្តិការនៅក្នុងវិស័យផលិតកម្មរបស់ប្រទេសចិននេះត្រូវបានធ្វើទ្បើងបន្ទាប់ពីមានការធ្លាក់ចុះក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់របស់ខ្លួនដែលបានធ្វើឱ្យសហរដ្ឋអាមេរិកមានការខឹងសម្បារជាយូរមកហើយ។

ថ្លែងនៅក្នុងវេទិកាអភិវឌ្ឍន៍ប្រទេសចិន (China Development Forum) លោក ម៉ៅ វេយ៍ (Miao Wei) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ចិនបានមានប្រសាសន៍ថា “យើងនឹងកាត់បន្ថយការគ្រប់គ្រងតូចៗនិងការធ្វើអន្តរាគមន៍ដោយផ្ទាល់របស់រដ្ឋាភិបាលបន្តិចម្តងៗដើម្បីអនុញ្ញាតឱ្យទីផ្សារអាចធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពនិងគាំទ្រដល់ការអភិវឌ្ឍន៍នៃឧស្សាហកម្មផលិតកម្ម”។

យ៉ាងណាមិញ នៅក្នុងសុន្ទរកថាខាងលើ លោក ម៉ៅ (Miao) មិនបានធ្វើការលើកទ្បើងពីផែនការដែលគេហៅថា “Made in China 2025” ដែលជាគំនិតផ្តួចផ្តើមមួយដែលមានបំណងជួយប្រទេសចិនឱ្យប្រកួតប្រជែងជាមួយនឹងដៃគូនៅទូទាំងសកលលោកក្នុងបច្ចេកវិទ្យាជឿនលឿនដូចជាឧបករណ៍អេឡិចត្រូនិច, មនុស្សយន្ត, អាវកាសព្រមទាំងបញ្ញាសិប្បនិម្មិត (Artificial Intelligence) ផងដែរនោះទេ។

គួរឲ្យដឹងថា គោលនយោបាយឧស្សាហកម្មដែលមានការគាំទ្រដោយរដ្ឋាភិបាលចិនកន្លងមកនេះបានធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់លោកខាងលិចដោយសារតែកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនេះក្នុងការបើកឲ្យមានភាពទូលំទូលាយក្នុងការផ្តល់ជាការគាំទ្រនិងឧបត្ថម្ភធនរបស់រដ្ឋ។

គួរកត់សម្គាល់ថា សេចក្តីអធិប្បាយខាងលើនេះត្រូវបានធ្វើឡើងមុនពេលប៉ុន្មានថ្ងៃនៃកិច្ចចរចាពាណិជ្ជកម្មជាន់ខ្ពស់រវាងចិននិងសហរដ្ឋអាមេរិកដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ (ទី២៨ មីនា) សប្តាហ៍នេះ។

ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បានគំរាមក្នុងការចាត់វិធានការបន្ថែមទៀតប្រសិនបើភាគីចិនមិនធ្វើការផ្លាស់ប្តូរការអនុវត្តរបស់ខ្លួនលើបញ្ហានានាដែលរាប់បញ្ចូលចាប់ពីបញ្ហាឧបត្ថម្ភធនឧស្សាហកម្មរហូតដល់បញ្ហាកម្មសិទ្ធិបញ្ញាផងដែរ។

តាមការចុះផ្សាយពីសារព័ត៌មាន Financial Times កាលពីថ្ងៃអាទិត្យ (ទី២៤ មីនា) ម្សិលមិញនេះដោយដកស្រង់សម្តីពីប្រភពចំនួន៣ដែលស្ថិតក្នុងកិច្ចពិភាក្សាបានឲ្យដឹងថា “ភាគីចិនមិនបានអនុវត្តទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយការគាំទ្ររបស់ខ្លួនលើក្រុមហ៊ុនបច្ចេកវិទ្យានោះទេ”។