កម្សាន្តទេសចរណ៍ព័ត៌មានផ្សេងៗបច្ចេកវិទ្យា

ក្រសួងបរិស្ថានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីជំនួយសម្រាប់ដំណើរទេសចរណ៍ក្នុងស្រុកឈ្មោះ “ដើរលេងស្រុកយើង”

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងបរិស្ថានបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីថ្មីមួយឈ្មោះ “ដើរលេងស្រុកយើង” ដែលមានគោលបំណងផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់នូវព័ត៌មាន និងឧបករណ៍ដឹកជញ្ជូនទាន់សម័យដើម្បីចែករំលែកអនុស្សាវរីយ៍សម្រាប់ដំណើរកម្សាន្ត។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ការ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នូវ​កម្មវិធី​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​​និរន្តរភាពនៃទេសភាព និង​អេកូ​ទេសចរណ៍​កម្ពុជា។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីគាំទ្រ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិឲ្យកាន់តែទូលំទូលាយ និងផ្តល់វេទិកាងាយស្រួលសម្រាប់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅទេសចរណ៍ធម្មជាតិ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបញ្ជាក់ថា កម្មវិធីនេះក៏អាចជួយសម្រួលដល់ការធ្វើដំណើរតាមរយៈមុខងារសំខាន់ៗ ដូចជាផែនទីមើលផ្លូវ ការធ្វើផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានអំពីតំបន់ទេសភាពតាមរយៈរូបថត និងសារខ្លីៗផងដែរ។

អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍ថា កម្មវិធីនេះនឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ខណៈពេលដែលវានឹងរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋាន។

លោក កុយ ភារុណ អ្នកបង្កើតមាតិកាទាក់ទងនឹងវិស័យទេសចរណ៍និងមានទំព័រផ្លូវការលើបណ្តាញសង្គមឈ្មោះ “ពនេចរ” ដែលធ្វើការផ្សព្វផ្សាយ និងពង្រឹងវិស័យទេសចរណ៍ក្នុងស្រុកដោយការជិះម៉ូតូទៅស្វែងរកកន្លែងថ្មីៗនោះ បានប្រាប់ សារព័ត៌មាន Kiripost ថា លោកពិតជាសប្បាយចិត្ត និងរំភើបណាស់ នៅពេលដែលបានលឺអំពីគម្រោងរបស់ក្រសួងបរិស្ថានក្នុងការអភិវឌ្ឍន៍កម្មវិធី  “ដើរលេងស្រុកយើង”

លោកថា កម្មវិធីនេះមានអត្ថប្រយោជន៍ ដោយសារតែវាមានព័ត៌មានច្រើនដើម្បីបង្ហាញអ្នកទេសចរ ជាពិសេសទាក់ទងនឹងបរិស្ថានប្រទេសកម្ពុជា រួមមានព្រៃឈើ ភ្នំ សត្វព្រៃ និងកន្លែងផ្សេងៗទៀតដែលពួកគេប្រហែលជាមិនធ្លាប់បានទៅទស្សនាពីមុនមក។

លោកបានបន្ថែមថា កម្មវិធីនេះ នឹងជួយទាក់ទាញភ្ញៀវបរទេសមកកាន់ប្រទេសកម្ពុជា និងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពនៃតំបន់មួយចំនួន ដែលពីមុនត្រូវបានចាត់ទុកថាគ្មានសុវត្ថិភាព។ លោក​ថា នេះ​នឹង​នាំ​ឲ្យ​វិស័យ​ទេសចរណ៍ និង​កំណើន​សេដ្ឋកិច្ច​កាន់​តែ​ច្រើន​សម្រាប់​ប្រទេស។

កម្មវិធីនេះមានផ្នែកសំខាន់ៗចំនួនប្រាំគឺ ផែនទី ការស្រាវជ្រាវ តំបន់ការពារ បច្ចុប្បន្នភាព និងការត្រួតពិនិត្យទម្រង់។ កម្មវិធីនេះបានអនុញ្ញាតឱ្យអ្នកទេសចរងាយស្រួលស្វែងរកព័ត៌មានដែលពួកគេត្រូវការ។ វាក៏អាចផ្តល់ព័ត៌មានអំពីតំបន់ការពារ និងតំបន់ផ្សេងទៀត ហើយក៏អាចជួយអ្នកធ្វើដំណើរក្នុងការរៀបចំគម្រោងដំណើរកម្សាន្តបែបធម្មជាតិ ព្រមជាមួយការផ្តល់នូវការណែនាំសម្រាប់សកម្មភាព និងទីតាំងដែលទាក់ទងនឹងបរិស្ថានផងដែរ។

លើសពីនេះ “ដើរលេងស្រុកយើង” ក៏បានលើកទឹកចិត្តដល់ទេសចរណ៍ដែលប្រកបដោយការទទួលខុសត្រូវ តាមរយៈការអប់រំអ្នកប្រើប្រាស់អំពីសារៈសំខាន់នៃការការពារធនធានធម្មជាតិ និងគាំទ្រសហគមន៍មូលដ្ឋាន។ វាលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងអភិរក្ស និងគាំទ្រអាជីវកម្មដែលផ្តល់អាទិភាពដល់និរន្តរភាព ដោយធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏ល្អសម្រាប់អ្នកផ្សងព្រេងដែលចង់យល់ដឹងអំពីបរិស្ថាន៕


 

មុខងារផែនទី

 

​មុខងារស្វែងរកគោលដៅដំណើរទេសចរណ៍

 

មុខងាររៀបចំផែនការដំណើរទេសចរណ៍

 

មុខងារចែករំលែកព័ត៌មាន និងអនុស្សាវរីយ៍នៃដំណើរកម្សាន្ត