ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតី ក្នុងព្រឹត្តការណ៍ បិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជម្រើសជើងឯក យុវជនអាយុក្រោម១៧ឆ្នាំ អាយុក្រោម១៥ឆ្នាំ និងបាល់ទាត់នារីឆ្នាំ២០១៨-២០១៩

ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាលទាត់កម្ពុជា រួមនឹងប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តការណ៍ នៃបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជម្រើសជើងឯក យុវជនអាយុក្រោម១៧ឆ្នាំ អាយុក្រោម១៥ឆ្នាំ និងបាល់ទាត់នារីឆ្នាំ២០១៨-២០១៩ នៅទីលានបាល់ទាត់សាលាតម្រង់ទិស នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលអញ្ជើញចូលរួមដោយឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ។ ជាមួយកម្មវិធីបិទការប្រកួតនោះ ក៏បានធ្វើការសម្ពោធទីលានបាល់ទាត់នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូនផងដែរ។

មានប្រសាសន៍ស្វាគមន៍ ឯកឧត្តម សួន បវរ អភិបាលខេត្ត បានថ្លែងការអរគុណ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិសេសដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រមុខថ្នាក់ដឹកនាំសហព័ន្ធ តែងតែគិតគូយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងវិស័យកីឡា ជាពិសេសបានផ្តល់ទីលានបាល់ទាត់សាលាតម្រង់ទិស នៅក្នុងវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលបានចំណាយថវិកាអស់រាប់ម៉ឺនដុល្លារ សម្រាប់ឲ្យក្មួយៗសិស្សានុសិស្សលេងកីឡាដើម្បីសុខភាព ។ អភិបាលខេត្តបន្តថា នេះគឺជាមោទនភាពណាស់ដែលខេត្តបន្ទាយមានជ័យ បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជម្រើសជើងឯក យុវជនអាយុក្រោម១៧ឆ្នាំ អាយុក្រោម១៥ឆ្នាំ និងបាល់ទាត់នារីឆ្នាំ២០១៨-២០១៩ ។ ជាមួយភាពរីកចម្រើនលើវិស័យកីឡា ខេត្តបន្ទាយមានជ័យក៏កំពុងតែងដំណើរការ នៃការសាងសង់ពហុកីឡាដ្ឋាន សម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានកីឡាគ្រប់ប្រភេទ និងមានទីតាំងធំទូលាយផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថ្លែងការកោតសរសើរដល់កីឡាករ កីឡាការិនី ដែលមកពីសាលាតម្រង់ទិស តាមបណ្តាខេត្ត ដែលបានចូលរួមប្រកួតយ៉ាងស្វាហាប់ប្រកបទៅដោយការយកចិត្តទុកដាក់ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត គោរពវិន័យបានយ៉ាងល្អប្រសើរ ។ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ចំពោះការប្រកួតនេះគឺដើម្បីជ្រើសរើសយកជើងឯក សម្រាប់ត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣នាពេលខាងមុខ ដែលកម្ពុជាយើងនឹងត្រៀមធ្វើជាម្ចាស់ផ្ទះ ហើយនេះគឺជាមោទនភាពណាស់សម្រាប់កម្ពុជា ក្នុងការចូលរួមបង្ហាញពីសមត្ថភាពរបស់កីឡាកម្ពុជាយើង ដើម្បីឲ្យពិភពលោកបានឃើញពីសមត្ថភាពរបស់កីឡាករ របស់យើងដែលកំពុងមានការរីកចម្រើនជាខ្លាំង ។ លោកបន្តថា ជាមួយនឹងភាពរីកចម្រើនលើវិស័យកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏កំពុងបង្កើតទីលានបាល់ទាត់សាលាតម្រង់ទិសតាមបណ្តាខេត្ត ហើយខេត្តបន្ទាយមានជ័យ ក៏បានសាងសង់រួចរាល់ហើយផងដែរ ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ត្រូវធ្វើការហ្វឹកហាត់បន្ថែមទៀត ពេលទំនេរពីការសិក្សា ពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

ឆ្លើយតបទៅនឹងចក្ខុវិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យកីឡា ជាពិសេសការសម្រេចចិត្តធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងធ្វើកំណែទម្រង់គ្រប់ទិដ្ឋភាព ទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការមេឆ្ពោះទៅឆ្នាំ២០២៣ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន និងការប្រកួត ការបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណនិងគុណភាព ការរៀបចំការប្រកួតកីឡាគ្រប់ប្រភេទ ប្រកបដោយស្តង់ដារ ផែនការយុទ្ធសាស្រ្តស្វែងរកមេដាយអោយបានច្រើន នៅក្នុងផែនការមេ ដែលមានប្រភេទកីឡាចំនួន ៣៥ និងជាង៤០០ វិញ្ញាសារ។

គួរបញ្ជាក់ថា ៖ ពានរង្វាន់ជម្រើសជើងឯក យុវជនអាយុក្រោម១៧ឆ្នាំ អាយុក្រោម១៥ឆ្នាំ និងបាល់ទាត់នារីឆ្នាំ២០១៨-២០១៩ បានទៅលើU១៧ លេខ១ ខេត្តកំពង់ឆ្នាំង ,U១៥ លេខ១ ខេត្តបាត់ដំបង ។ ចំណែកបាល់ទាត់នារីកម្រិត១ លេខ១ ខេត្តស្វាយរៀង, បាល់ទាត់នារីកម្រិត២ លេខ១ ខេត្តកំពង់ចាម៕