សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខសិស្សនាយនគរបាល-នាយនគរបាលរង វគ្គបណ្ដុះបណ្ដាល “កម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១៣ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអមដំណើរ ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខសិស្សនាយនគរបាល-នាយនគរបាលរង វគ្គបណ្ដុះបណ្ដាល “កម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១៣ ចំនួន២០០នាក់។ ដើម្បីចង់ដឹងអំពីការសិក្សា ការហ្វឹកហាត់ ការស្នាក់នៅ ការហូបចុក និងការរស់នៅរបស់ក្មួយៗ ក្នុងរយៈពេលកន្លងមក។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកឧត្ដមសេនីយទោ រ័ត្ន ចំរើន នាយកសាលា ឯកឧត្ដម សន្តិបណ្ឌិត បានទាញការចាប់អារម្មណ៍ថាវគ្គបណ្ដុះបណ្ដាលនេះ គឺជាប្រវត្តិសាស្រ្តសម្រាប់ជីវិតរបស់ក្មួយៗ ដែលបានប្រែក្លាយខ្លួនពីភាពជាជនស៊ីវិល មកជាសិស្សនគរបាល ហើយនឹងក្លាយជាកងកម្លាំងនគរបាលជាតិកម្ពុជាពេញលក្ខណៈ តាមរយ:ការប្រកាសតាំងស៊ប់ ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ បន្ទាប់ពីការបញ្ចប់វគ្គសិក្សានេះប្រកបដោយជោគជ័យ។ ក្នុងនោះដែរ គណៈប្រតិភូក៏បាននាំយកអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រួមមាន ៖ អង្ករចំនួន ២តោន, មី ៦កេសធំ, ត្រីខ ៦កេស, ត្រីងៀត ៥០គីឡូ និងថវិកាចំនួន ១១,៨២០,០០០រៀល ដើម្បីឧបត្ថម្ភដល់សាលា មន្រី្តសាលា និងសិស្សនគរបាលផងដែរ៕