ព័ត៌មានក្នុងប្រទេសសកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានពន្ធនាគារ

ពិធីប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ ២០១៩-២០២៣ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ ថ្ងៃច័ន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ ២០១៩-២០២៣ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការអញ្ជេីញចូលរួម ពី ឯកឧត្ដម​ លោកជំទាវ​ អគ្គនាយករង ប្រធាននាយកដ្ឋាន និងលោក លោកស្រី ព្រមទាំងមន្រ្តីចំណុះអគ្គនាយកដ្ឋានពន្ធនាគារ​។

នៅក្នុងដំណាក់កាលទី ១ ឆ្នាំ ២០០៨­-២០១៣ និងដំណាក់កាលទី ២ ឆ្នាំ ២០១៤-២០១៩ អគ្គនាយកដ្ឋានពន្ធនាគារសម្រេចលទ្ធផល និងសមិទ្ធផលបានជាច្រើន តែទន្ទឹមនឹងនោះក៏មានបញ្ហាប្រឈមមួយចំនួនដូចជា កំនើនជនជាប់ឃុំបង្កឲ្យមានភាពប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងហានិភ័យផ្នែកសន្តិសុខ សុវត្ថិភាព តម្រូវឲ្យមានវិធានការដោះស្រាយសមស្រប។ សមត្ថភាពមន្ត្រីជំនាញនៅមានកម្រិត តម្រូវឲ្យមានការពង្រឹងទាំងនៅថ្នាក់កណ្ដាល និងនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។

-ផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៩-២០២៣ អគ្គនាយកដ្ឋានពន្ធនាគារ កំណត់យកចក្ខុវិស័យ បេសកកម្ម គោលបំណង គោលដៅ និងទិសដៅយុទ្ធសាស្ត្រចំនួន ៥ ជាការប្ដេជ្ញាចិត្តក្នុងការបន្តអនុវត្តនៅក្នុងដំណាក់កាលទី ៣នេះ ដូចខាងក្រោម

១.ចក្ខុវិស័យរួមគ្នាដើម្បីសុវត្ថិភាពសង្គម និងកាត់បន្ថយបទល្មើសក្នុងសហគមន៍។

២.បេសកកម្មគ្រប់គ្រងជនជាប់ឃុំ ទាំងជំនាញវិជ្ជាជីវៈ ធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ ព្រមទាំងផ្ដល់កម្មវិធីអប់រំកែប្រែនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាហរណកម្ម។

៣.គោលបំណង និងគោលដៅគ្រប់គ្រងពន្ធនាគារ តាមបទដ្ឋាន អភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសសារជាថ្មី។

ដើម្បីសម្រេចបាននូវចក្ខុវិស័យបេសកកម្ម គោលបំណង និងគោលដៅនេះ អគ្គនាយកដ្ឋានពន្ធនាគារកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០១៩-២០២៣ ដូចតទៅ ៖

ទិសដៅយុទ្ធសាស្ត្រទី ១ គ្រប់គ្រងពន្ធនាគារតាមបទដ្ឋានដែលធានាឲ្យមាន សន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌។

ទិសដៅយុទ្ធសាស្ត្រទី ២ អភិវឌ្ឍជំនាញវិជ្ជាជីវៈសេវាអប់រំកែប្រែនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាហរណកម្ម។

ទិសដៅយុទ្ធសាស្រ្តទី ៣ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។

ទិសដៅយុទ្ធសាស្ត្រទី ៤​ ជំរុញអនុវត្តក្របខ័ណ្ឌគោលនយោបាយកំណែទម្រង់ប្រព័ន្ធធនាគារ។

ទិសដៅយុទ្ធសាស្ត្រទី ៥ ពង្រឹងការងារដឹកនាំគ្រប់គ្រងអភិវឌ្ឍធនធានមនុស្ស របៀបរបបការងារ និងលើកកម្ពស់ប្រសិទ្ធផលការងារ។