រដ្ឋលេខាធិការស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម​ សន្តិបណ្ឌិត ចាន់​ អ៊ាន អញ្ជើញជាគណៈអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីចុះសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ជំនាន់ទី១៣ លើកទី៣

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃសុក្រ ១០រោច​ ខែ​អាសាឍ​  ឆ្នាំកុរ ឯក​ស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ២៦ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅសាលានគរបាលជាតិភូមិភាគ៥ (ខេត្តបាត់ដំបង)​ ឯកឧត្តម​ សន្តិបណ្ឌិត ចាន់​  អ៊ាន រដ្ឋលេខាធិការ  ក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាល ” កម្រិតបឋមវិជ្ជាជីវៈនគរបាល”​ ចំនួន​ ១៥៣នាក់​ ដើម្បីចង់ដឹងពីសុខទុក្ខ ការសិក្សា​ ការហ្វឹកហាត់​ ការស្នាក់នៅ​ និងការហូបចុករបស់ក្មួយៗ​។ បន្ទាប់ពីស្តាប់នៅរបាយការណ៍របស់​លោកឧត្តមសេនីយ៍ទោ ប៉ិ​ វ៉ាន់ នាយកសាលា ឯកឧត្តម​ ​សន្តិបណ្ឌិត​ បានថ្លែងថាវគ្គបណ្ដុះបណ្ដាលនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ជីវិតរបស់ក្មួយៗ ដែលបានប្រែក្លាយខ្លួនពីភាពជាជនសុីវិលមកជាសិស្សនគរបាល ហើយនឹងក្លាយជាកងកម្លាំងនគរបាលជាតិពេញលក្ខណៈ បន្ទាប់ពីការបញ្ចប់វគ្គសិក្សានេះប្រកបដោយជោគជ័យ។

 រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ដិតរបស់ សម្ដេច អគ្គមហាសេនាតីតេជោ ហ៊ុន សែន បានបន្ដដាក់ចេញនូវគោលនយោបាយកំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ រាជរដ្ឋាភិបាលបានធ្វើការប្ដេជ្ញាចិត្ត ក្នុងការធានាឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និងសុវត្ថិភាពភូមិ ឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខក្សេមក្សាន្ត។

ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងផែនការជ្រើសរើសមន្ត្រីនគរបាលបន្តវេន ព្រមទាំងបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារៈ និងហិរញវត្ថុ ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាល និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឱ្យស្របតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កងកម្លាំង។ ក្នុងឱកាសនេះដែរឯកឧត្តម សន្តិបណ្ដិត ក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម ១.សាលានគរបាលជាតិភូមិភាគត្រូវពិនិត្យតាមដានការបង្រៀនរបស់គ្រូ និងធ្វើការវាយតម្លៃការសិក្សាស្របតាមបទបញ្ជាផ្ទៃក្នុង និងដាក់ទណ្ឌកម្មដល់សិស្សដែលប្រព្រឹត្តខុសដោយគ្មានការយោគយល់។

២.ចំពោះក្មួយៗជាសិស្សនគរបាលត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងក្នុង និងក្រៅថ្នាក់ ត្រូវមានវត្តមានគ្រប់ពេលសិក្សា និងការហ្វឹកហាត់ គោរពឲ្យបាននូវរាល់បទបញ្ញត្តិដែលចែងក្នុងបទបញ្ជាផ្ទៃក្នុងត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ រៀនឲ្យចេះ មិនមែនរៀនឲ្យចប់។ ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវមានឥរិយាបទជាមន្ត្រីនគរបាលដែលមានលក្ខណៈសម្បិត្តគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្ដល់ជំនឿទុកចិត្តមកលើខ្លួន។

ជាមួយគ្នានេះដែរថ្ងៃនេះពូ ក៏បាននាំយកអំណោយមកជូនក្មួយៗ និងសាលារួមមាន​ មីចំនួន ៥០កេសតូច ទឹកត្រីចំនួន​៤យួរ ទឹកស៊ីអ៉ីវចំនួន​ ៥យួរនិងថវិកា ចំនួន ១១,២៨០,០០០ រៀល ដោយបែងចែកជា ឧបត្ថម្ភសាលាចំនួន ២លានរៀល, ថ្នាក់ដឹកនាំមន្ត្រីសាលា និងគ្រូនគរបាលជាតិ ចំនួន​ ២២នាក់ ក្នុង១នាក់ ចំនួន៥មុឺនរៀល, សិស្សនគរបាលចំនួន ១៥៣នាក់ ក្នុង១នាក់ ចំនួន​៥មុឺនរៀល និងមន្ត្រីជាប់កិច្ចសន្យាចំនួន៦នាក់ ក្នុងម្នាក់៣មុឺនរៀល​ ។

 ជាទីបញ្ចប់ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណជាថ្មីម្ដងទៀត ដល់លោកនាយកសាលានគរបាលជាតិភូមិភាគ ៥ និងមន្ត្រីក្រោមឱវាទ ក្នុងការប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីក្នុងការគ្រប់គ្រង និងចាត់ចែងដំណើរការវគ្គបណ្ដុះបណ្ដាលនេះ និងសូមសម្ដែងនូវការកោតសរសើរចំពោះក្មួយៗ​ ជាសិស្សនាយនគរបាល នាយនគរបាលរងទាំងអស់ ដែលបានប្រើប្រាស់សមត្ថភាពរបស់ខ្លួនក្នុងការប្រលងប្រជែងចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ ប្រកបដោយជោគជ័យ និងជូនពរឲ្យក្មួយៗទទួលបានជោគជ័យក្នុងការសិក្សា និងក្លាយជាមន្ត្រីនគរបាលបន្តវេណ ប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានល្អប្រសើរទៅថ្ងៃអនាគតនិងសូមជូនពរដល់ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ វរសេនីយ៍​ គ្រូនគរបាលជាតិ សិស្សនាយនគរបាល​ នាយនគរបាលរងទាំងអស់ មានសុខភាពល្អ​ ទទួលបានជោគជ័យគ្រប់ភារកិច្ច សូមឲ្យវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលល្អ តាមផែនការដែរបានគ្រោងទុក៕