ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​ពិធីបិទវគ្គសិក្ខាសាលាស្តីពីសុខភាពនគរបាល នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបើកសិក្ខាសាលាអស់រយៈពេល១ថ្ងៃកន្លះ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៩ ស្តីពីសុខភាពនគរបាលរួចមក។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានរៀបចំបិទវគ្គសិក្ខាសាលា ក្រោមវត្តមានចូលពី ឯកឧត្តម នាយឧត្តមសេនីយ៍ សំ តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហា​ផ្ទៃ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង គណៈប្រតិភូអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ រួមទាំងសិក្ខាកាមចំនួន៨០នាក់ មកពីបណ្តាអង្គភាព ការិ​យាល័យជំនាញ ចំណុះស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលគ្រប់ ក្រុង-ស្រុក ។

ថ្លែងនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សំ តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហា​ផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខិតខំរៀនសូត្រ របស់សិក្ខាកាម ទាំងអស់ ក្នុងរយៈពេល១ថ្ងៃកន្លះនេះ បើទោះជារយៈពេលនៃការសិក្សាខ្លីក៏ពិតមែន តែវាមានសារៈសំខាន់ណាស់សម្រាប់ការយល់ដឹងពីការថែទាំសុខភាពរបស់យើង។ ហើយបញ្ហាសុខភាពនេះ គឺត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងមានប្រសាសន៍ថា សុខភាពគឺជាសម្បត្តិដ៏មហាសាល ។ ប្រសិនបើយើង មានទ្រព្យសម្បត្តិហើយ តែយើងមានសុខភាពមិនល្អ ទ្រព្យសម្បត្តិទាំងនោះក៏គ្មានបានការដែរ។ ដូច្នេះហើយទើបបានជា អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងនាយកដ្ឋាន សុខាភិបាល បានផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើង ដើម្បីបើកសិក្ខាសាលាផ្សព្វផ្សាយ ដល់កងកម្លាំងនគរបាលយើង។ ដោយផ្តោតការយកចិត្តទុកដាក់ចំពោះការអប់រំសុខភាពមន្ត្រីនគរបាលជាតិទាំងអស់ និងផ្តល់ចំណេះដឹងក្នុងកម្រិតបឋម ស្តីពីការប្រឈមនៃប្រភេទជម្ងឺចំពោះមុខមួយចំនួន ដែលអាចនឹងកើតមានឡើងពីផលប៉ះពាល់ជាយថាហេតុទៅដល់រាងកាយរបស់កងកម្លាំង។ក្រៅពីនេះ និងផ្តល់ជាវិធីសាស្ត្រល្អៗផងដែរ សម្រាប់ការទប់ស្កាត់ ការការពារ និងថែទាំសុខភាព សម្រាប់កងកម្លាំងនគរបាលម្នាក់ៗ ដែលកំពុងឈរជើងបំពេញភារកិច្ច ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សំ តារា បានគូសបញ្ជាក់ទៀតថា ៖ មន្ត្រីនគរបាលជាតិ គឺជាធនធានចំបងនៃសន្តិសុខជាតិ ។ការយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន គឺជាការចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ការចូលរួមពង្រឹងកិច្ចការសន្តិសុខលើគ្រប់ផ្នែកទាំងអស់ របស់ប្រទេសជាតិខ្លួន មិនត្រឹមតែប៉ុណ្ណោះ វាជាការចូលរួមវិភាគទានផងដែរ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រទេសជាតិ និងក្រុមគ្រួសារផ្ទាល់ខ្លួនរបស់មន្ត្រីនគរបាលជាតិម្នាក់ ។ ជាមួយគ្នានោះដែរ ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករង ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបាននូវចំណេះដឹងនេះ ត្រូវថែរក្សាសុខភាពរបស់ខ្លួន និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មិត្តរួមអង្គភាព ប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារផ្ទាល់ខ្លួនផងដែរ។

ក្រោយពីបានចូលរួមសិក្ខាសាលានេះរួចមក ប្អូនប្រុសអនុសេនីយ៍ត្រី ឌឿន សុគ្រី មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទានកាំ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានលើកឡើងថា ៖ កាលពីប្អូនមិនទាន់បានសិក្សាអំពីសុខភាពនេះ គឺប្អូនមិនសូវជាយល់ដឹងអំពីការថែទាំ ពីបញ្ហាសុខភាពនោះឡើយ ។ក្រោយពីប្អូនបានសិក្សារយៈពេល១ថ្ងៃជាងនេះមក គឺប្អូនបានយល់ដឹងច្រើន ដូចជាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងបារីពីគេដោយអចេតនា អំពីជម្ងឺទឹកនោមផ្អែម និងការពុលចំណីអាហារ។ ហើយចំណេះដឹងដែលប្អូនទទួលបានពីការសិក្សានេះ ប្អូននឹងយកទៅផ្សព្វផ្សាយដល់មិត្តរួមការងារ ពិសេសពេលប្អូនចុះផ្សព្វផ្សាយពីភូមិ-ឃុំ មានសុវត្ថិភាព ប្អូននឹងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែក ចេះការពារ និងថែទាំសុខភាពរបស់គាត់។