ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗក្មេងកំព្រា

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ រួមដំណើរ ដោយមន្ទីរអង្គភាពនានាជុំវិញខេត្ត អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្អូនៗ កុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តព្រៃវែង ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានលើកថា ឯកឧត្ដមពិតជាមានចិត្តសប្បាយរីករាយជាពន់ពេកដែលបានមកជួបប្អូនៗ ក្មួយៗ នាពេលនេះ ហើយឯកឧត្តមសូមសំដែងនូវសេចក្តីស្រឡាញ់រាប់អាននឹករលឹកដល់ក្មួយៗ ប្អូនៗ កុមារា កុមារី ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រានេះ។

សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះមជ្ឈមណ្ឌលកុមារកំព្រាខេត្តព្រៃវែង មានកុមារកំព្រាសរុបចំនួន ១៥៧នាក់ ស្រីចំនួន ៨៨នាក់ អ្នកមើលថែទាំក្មេង(ម៉ែដោះ) ចំនួន ២១ នាក់។

ឯកឧត្តម បានផ្ដាំផ្ញើដល់ប្អូនៗ កុមារកំព្រាទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹង និងបន្តសិក្សានៅឧត្តមសិក្សា។ ដើម្បីប្រែក្លាយខ្លួនឲ្យទៅជាក្មេងល្អ សិស្សល្អនៅក្នុងសង្គម ទោះបីជាយើងក្មេងកំព្រាយ៉ាងណាក៏ដោយអោយតែយើងមានចិត្តតស៊ូពុះពាររាល់ឧបសគ្គ យើងនឹងទទួលបានជោគជ័យនៅថ្ងៃអនាគតជាក់ជាមិនខានឡើយ។ ឯកឧត្ដម ក៏សូមឱ្យក្មួយៗត្រូវទទួលទានស្អាត ផឹកស្អាត រស់នៅស្អាត គេងនៅក្នុងមុងអោយបានជាប្រចាំ ដើម្បីបង្ការជំងឺគ្រុនឈាម និងជម្ងឺផ្សេងៗទៀត និងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។

ចុងបញ្ចប់ ឯកឧត្តម និងលោកជំទាវ ក៏បានផ្ដល់ជូនកុមារកំព្រានូវសម្ភារសិក្សា ដែលក្នុងនោះមាន សៀវភៅ ប៊ិក ខ្មៅដៃ បន្ទាត់ និងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។