ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តមកត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មការដឹកនាំទូកងទាំង១៥ របស់ខេត្តក្រចេះសម្រាប់ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក

ខេត្តក្រចេះ៖ ថ្ងៃអង្គារ ១រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមកត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ  អញ្ជើញជួបសំណេះសំណាល និងនាំយកថវិកាអំណោយ ជូនដល់គណៈកម្មការទូកងទាំង១៥ របស់ខេត្តក្រចេះ នៅបរិវេណកន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្ដម វន សុវណ្ណារី អនុរដ្ឋលេខាធិការ ឯកឧត្ដម អ៊ុយ វិរៈ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការដឹកនាំគ្រប់គ្រងទូកខេត្តក្រចេះ ។

​ឯកឧត្តមកត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ក៏បាន​ណែនាំ និងផ្ដាំផ្ញើ​ដល់គណៈកម្មាការ កីឡាករ​ចំណុះទូក​ទាំង​១៥ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ស្មារតី​សាមគ្គីភាព មិត្តភាព ជាមួយ​កីឡាករ​ក្នុង​ក្រុម និងគោរព​បទបញ្ជា​របស់​គណៈកម្មការដឹកនាំការប្រកួត ដើម្បី​ដណ្តើមយក​ជ័យជំនះ​លើ​គូប្រកួតជូនខេត្ត និងចូលរួម​ក្នុង​ការ​រក្សាសន្តិសុខ សុវត្ថិភាព អនាម័យ សណ្តាប់ធ្នាប់ របៀបរៀប​រយសាធារណៈ ធ្វើយ៉ាងណា​ឲ្យ​ពិធីបុណ្យ​ប្រពៃណី​មួយ​នេះប្រព្រឹត្តទៅ​បានល្អ ៕