ព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការអគ្គនាយកដ្ឋានអន្តោប្រវេសន៍រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំពិភាក្សា រវាងគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រទេសកម្ពុជា ជាមួយគណៈប្រតិភូខេត្តហូវយ៉ាង ប្រទេសវៀតណាម

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូខេត្តហូវយ៉ាង ដែលដឹកនាំដោយ ឯកឧត្ដម លឺ វ៉ាន់ ហ៊ុង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាបក្សខេត្តហូវយ៉ាង ប្រទេសវៀតណាម ។

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំពិតជារីករាយដែលបានការអនុញ្ញាតទទួលគណៈប្រតិភូខេត្តហូវយ៉ាង ដឹកនាំដោយឯកឧត្តម លឺ វ៉ាន់ ហ៊ុង មកធ្វើទស្សនៈកិច្ចផ្លូវការនៅកម្ពុជានាពេលនេះ។ ឯកឧត្តមសន្តិបណ្ឌិតក៏បានជម្រាបជូនអំពីស្ថានភាព និងសភាពការណ៍រួមខ្លះៗក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះជូនគណៈប្រតិភូខេត្តហូវយ៉ាងផងដែរថា កម្ពុជាកំពុងតែទទួលបាននូវសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្តគ្មានកម្លាំងប្រដាប់អាវុធក្រៅច្បាប់ គ្មានដីអប្បគមន៍ គ្មានកម្លាំងប្រឆាំង ដែលមានលទ្ធភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បានឡើយ។

​ឯកឧត្តម សន្តិបណ្ឌិតបន្តថា ចំពោះការរីកចម្រើនអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងស្ថិតនៅលើការជឿនលឿន មានGDP ចំនួន ៧.៣ភាគរយ ហើយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដំណើរការសេដ្ឋកិច្ចកំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរជាបណ្ដើរៗ លើកស្ទួយជីវភាពប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។ ឯកឧត្តម សន្តិបណ្ឌិតក៏បានបញ្ជាក់បន្ថែមថា ទោះបីជាចុងក្រោយនេះ មានក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលបានបំប៉ោងសំឡេងថា នឹងធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បានក្តី ក៏កម្លាំងទាំងអស់នោះមានលទ្ធភាពតិចតួចក្នុងការធ្វើសកម្មភាព ដោយកម្លាំងរាជរដ្ឋាភិបាល កម្លាំងគាំទ្រដោយប្រជាពលរដ្ឋ គួបផ្សុំនឹងកម្លាំងគាំទ្រដាច់ខាតរបស់កម្លាំងប្រដាប់អាវុធទាំងអស់ បានរុញបំផ្លាញឲ្យបរាជ័យនូវផែនការឧបាយកលពួកគេជាបន្តបន្ទាប់ ហើយកម្ពុជានៅតែបោះជំហានទៅមុខយ៉ាងរឹងមុំាក្នុងការអភិវឌ្ឍប្រទេសជាតិ និងការពារជាតិយ៉ាងរឹងមុំា។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តម សុខ ផល ក៏បានស្នើដល់គណៈប្រតិភូភាគីវៀតណាមជួយពិនិត្យលទ្ធភាពគាំទ្រ និងជួយដល់ជនអន្តោប្រវេសន៍វៀតណាម និងជនអន្តោប្រវេសន៍ដ៏ទៃទៀត ដែលបានធ្វើបម្លាស់ទីមកតាំងទីលំនៅរស់នៅលើគោកនៅខេត្តកំពង់ឆ្នាំង លើផ្នែកកសិកម្ម ការចិញ្ចឹមត្រី។ ជាការឆ្លើយតប គណៈប្រតិភូវៀតណាម នឹងធ្វើដំណើរបំពេញទស្សនៈកិច្ចសិក្សាស្វែងយល់នៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខតែម្តង៕