ព័ត៌មានអន្តរជាតិ

ចិន រុស្ស៊ី និងអ៊ីរ៉ង់ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅថ្ងៃសុក្រស្អែកនេះ

Reuters: យោងតាមការប្រកាសរបស់ក្រសួងការពារជាតិចិននៅថ្ងៃព្រហស្បតិ៍ (ទី២៦ ធ្នូ) នេះបានឲ្យដឹងថា កងទ័ពជើងទឹកចិន រុស្ស៊ី និង អ៊ីរ៉ង់ នឹងធ្វើសមយុទ្ធរួមគ្នានៅមហាសមុទ្រឥណ្ឌានិងសមុទ្រអូម៉ង់ ហើយសមយុទ្ធនេះនឹងមានរយៈពេល០៤ថ្ងៃហើយនឹងចាប់ផ្តើមនៅថ្ងៃសុក្រ (ទី២៧ ធ្នូ) ស្អែកនេះ។

ថ្លែងទៅកាន់សន្និសីទសារព័ត៌មានប្រចាំខែមួយ អ្នកនាំពាក្យក្រសួងសួងការពារជាតិចិនលោក វូ ឈៀន (Wu Qian) បានលើកឡើងថា ចិននឹងបញ្ជូននាវាពិឃាដនាំផ្លូវមីស៊ីលទៅចូលរួមសមយុទ្ធខាងលើនេះ ហើយចិនក៏មានគោលបំណងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងបីកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀតផងដែរ។

លោក វូ (Wu) បានមានប្រសាសន៍ថា “សមយុទ្ធនេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍យោធាលក្ខណៈធម្មតារវាងកងកម្លាំងប្រដាប់អាវុធប្រទេសទាំងបីតែប៉ុណ្ណោះ ហើយវាស្របតាមច្បាប់អន្តរជាតិព្រមជាមួយនឹងការអនុវត្តជាក់ស្តែងផងដែរ។”

ព្រមជាមួយគ្នានោះ លោក វូ (Wu) បានក៏លើកឡើងដោយមិនបានបញ្ជាក់ផងដែរថា “វាមិនចាំបាច់អីដែលសមយុទ្ធនេះត្រូវទាក់ទងគ្នានឹងស្ថានភាពក្នុងតំបន់នោះទេ។”

សូមជម្រាបថា សមុទ្រអូម៉ង់គឺជាផ្លូវទឹកដ៏សំខាន់មួយដោយសារតែវាភ្ជាប់ទៅនឹងច្រកសមុទ្រ ហមម៉ូស (Hormuz) ដែលជាច្រកដែលមួយភាគប្រាំនៃប្រេងរបស់ពិភពលោកឆ្លងកាត់ ហើយជាងនេះទៅទៀត វាតភ្ជាប់ទៅនឹងឈូងសមុទ្រអារ៉ាប់ទៀតផង។

គួរឲ្យដឹងថា សមយុទ្ធនេះ ត្រូវបានធ្វើឡើងស្របពេលនៃការកើនឡើងនៃមានភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ហើយភាពតានតឹងនេះ បានផ្ទុះឡើងចាប់តាំងពីឆ្នាំមុន ពោលគឺនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) សម្រេចដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ដែលមានប្រទេសជាហត្ថលេខីចំនួន០៦ ហើយបានដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់សាជាថ្មីម្តងទៀត ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះរងធ្លាក់ចុះយ៉ាងខ្លាំង។

ក្រោយមក កាលពីពេលថ្មីៗកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យមានបេសកកម្មកងទ័ពជើងទឹកមួយថដែលដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហារជាច្រើនកាលពីខែឧសភានិងខែមិថុនាទៅលើនាវាដឹកទំនិញអន្តរជាតិជាច្រើននៅក្នុងដែនឈូងសមុទ្រដែលក្នុងនោះរួមមានទាំងនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីផងដែរ ហើយការវាយប្រហារប៉ុន្មានដងនេះត្រូវបានសហរដ្ឋអាមេរិកដាក់ការចោទប្រកាន់ទៅលើអ៊ីរ៉ង់។

តែទោះជាយ៉ាងណាក្តី អ៊ីរ៉ង់បានចេញមុខបដិសេធការចោទប្រកាន់ខាងលើនេះ។

បន្ទាប់មកទៀត ភាពតានតឹងនៅក្នុងតំបន់ក៏បានកើនឡើងកាន់តែក្តៅបន្ថែមទៀត ដែលនោះគឺមិនមែនត្រឹមតែលើបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលជាបញ្ហាចំបងប៉ុណ្ណោះនោះទេ តែវាត្រូវបានធ្លាក់ចុះដុនដាបបន្ថែមទៀតដោយការវាយប្រហារកាលពីខែកញ្ញាទៅលើទីតាំងប្រេងរបស់អារ៉ាប៊ីសាអូឌីត ហើយសហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីតក៏បានចេញមុខស្តីបន្ទោសទៅលើអ៊ីរ៉ង់ទៀតផងដែរ។

យ៉ាងណាមិញ អ៊ីរ៉ង់នៅតែបដិសេធពីការចូលរួមក្នុងការចោទប្រកាន់ខាងលើនេះដដែល។

គួរជម្រាបជូនផងដែរថា ទីក្រុងប៉េកាំង មានទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងថាមពលយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ហើយព្រមជាមួយគ្នានេះ ប្រទេសនេះ ក៏មានទំនាក់ទំនងល្អជាមួយអារ៉ាប់ប៊ីសាអូឌីតដែលជាគូប្រជែងក្នុងតំបន់របស់អ៊ីរ៉ង់ផងដែរ ដែលនេះមានន័យថាចិនបានបោះជំហានទៅមុខជាយូរមកហើយក្នុងផ្នែកមួយនៃពិភពលោកដែលប្រទេសនេះធ្លាប់តែមានឥទ្ធិពលតិចជាងអាមេរិក រុស្ស៊ី បារាំង ឬអង់គ្លេស។