ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលបង្ការ ពន្លត់អគ្គីភ័យ ខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយពីការបង្ការ ទប់ស្កាត់ គ្រោះមហន្តរាយ ដោយគ្រោះថ្នាក់អគ្គីភ័យ

​ខេត្តបន្ទាយមានជ័យ ៖ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាមហាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ចូលរួមក្នុងការបង្ការ ទប់ស្កាត់ នូវគ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គីភ័យ បង្កឲ្យខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិនោះ ។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ បានដឹកនាំកម្លាំងនគរបាលជំនាញ ការិយា​ល័យបង្ការ ពន្លត់អគ្គីភ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជាមហាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ស្តីពីការបង្ការ ទប់ស្កាត់ នូវគ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គីភ័យ តាមទីប្រជុំជនធំៗ ពិសេសគឺតាមផ្សារ ដូចជាផ្សារសិរីសោភ័ណ ផ្សារអូរអំបិល ផ្សារទឹកថ្លា ផ្សារចំការគ ហៅផ្សារថ្មី ក្នុងនោះក៏បានចែកនូវខិតប័ណ្ណ ដែលមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង មកលោកស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ ក៏ដូចជាមន្ត្រី បង្ការពន្លត់ នៅពេលកើតមានអគ្គីភ័យកើតឡើងឲ្យរាយការផ្ទាល់តែម្តង និងមានខ្លឹមសារមួយចំនួនដើម្បីឲ្យបងប្អូនមានវិធានការប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់នូវគ្រោះអគ្គីភ័យនេះ។

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរង ទទួផលផែនការងារ គ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គីភ័យ បានបញ្ជាក់ថា ៖ ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងបានឈានមកដល់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងតែដាក់នូវបទបញ្ជាដល់កងកម្លាំងនគរបាលការិយាល័យ ជំនាញបង្ការ ពន្លត់អគ្គីភ័យ ធ្វើការចុះផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់អគ្គីភ័យ ដើម្បីឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមទប់ស្កាត់ ក្នុងការបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យ ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិផ្ទាល់ ទ្រព្យសម្បត្តិអ្នកដទៃ ទ្រព្យសម្បត្តិរដ្ឋ និងអាយុជីវិតមនុស្ស សត្វ ផងដែរ ។​ហើយកត្តាដែលបង្កឲ្យកើតមានអគ្គីភ័យនេះ គឺទី១/-កត្តាធម្មជាតិ ទី២/-មកពីការឆ្វសប្រហែសរបស់មនុស្ស​ ដូចជាការចោលភ្លើងបារី,អុចធូបទៀន,ដុតសម្រាម,ដុតព្រៃ,ដុតផាវ,ដុតកាំជ្រួច,ភ្លើងចង្រ្កានប្រើអុសឬហ្គាស និងចរន្តអគ្គីសនី ដូចជាការតភ្ជាប់គ្មានលក្ខណៈបច្ចេកទេសធ្វើឲ្យងាយឆ្លងចរន្តអគ្គីសនីជាដើម ។

លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរង បានបញ្ជាក់ថា ៖ ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ដោយអគ្គីភ័យ បានកើតឡើងចំនួន ២៩លើក បើប្រៀបធៀបឆ្នាំ២០១៨ គឺថយចុះ៨លើក ឆ្នាំ២០១៨ កើតឡើងចំនួន ៣៧លើក ។ គ្រោះថ្នាក់អគ្គីភ័យឆ្នាំ២០១៩នេះ បង្កឲ្យខូចខាតផ្ទះចំនួន១៣ខ្នង(ផ្ទះបាយ១) ផ្ទះល្វែង៥ល្វែង តូបស្នាក់នៅបានចំនួន១២ និងតូបលក់ឥវ៉ាន់ចំនួន៦៨ ក្នុងនោះខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះ ប្រាក់កាស គ្រឿងអលង្ការមួយចំនួនធំ តែមិនបណ្តាលឲ្យមានមនុស្ស សត្វ របួសឬស្លាប់នោះឡើយ ៕