ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ទទួលការសិក្សារយៈពេលខ្លី ដើម្បីពង្រឹងចំណេះដឹងទូទៅ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បីពង្រឹងពីវិន័យរបស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាបង្កើននូវចំណេះដឹងការងារអនុវត្តប្រចាំថ្ងៃក្នុងមូលដ្ឋាន ។នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉នជំនាញបឋមរយៈពេលខ្លីដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍​​ត្រី រ៉ែម វីរៈ ស្នងការរងទទួលផែនសេនាធិការដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។

ថ្លែងនៅក្នុងពិធីបើកវគ្គនេះដែរ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនសេនាធិការដ្ឋាន បានលើកឡើងអំពីកិច្ចការងារប៉ុស្តិ៍រដ្ឋបាល មានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចប្រតិបត្តិការ ថែរក្សា ការពារសន្តិសុខក្នុងមូលដ្ឋាន របស់ខ្លួនដែលគ្រប់គ្រង សំដៅរក្សាបាននូវសន្តិសុខ សណ្តាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ស្នងការរង បានថ្លែងបញ្ជាក់ថា ៖ កន្លងមកឃើញថាកងកម្លាំងនគរបាលប៉ស្តិ៍រដ្ឋបាលយើងបានខិតខំយកចិត្តទុកដាក់ ក្នុងកិច្ចការងាររបស់ខ្លួន បម្រើការពារសន្តិសុខជូនប្រជាពលរដ្ឋបានល្អប្រសើរ ក្នុងនោះគឺបានសហការយ៉ាងស្អិតរមួតជាមួយកងកម្លាំងប្រជាការពារ ក្នុងការទប់ស្កាត់នូវរាល់បទល្មើស។ ដើម្បីឲ្យសន្តិសុខក្នុងមូលដ្ឋាន រឹតតែល្អប្រសើរសូមឲ្យកងកម្លាំងនគរបាលប៉ុស្តិ៍ត្រូវ សហការជាមួយកម្លាំងប្រជាការពារបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសក្នុងមូលដ្ឋាន ដូចជាការទប់ស្កាត់ក្រុមក្មេងទំនើង ដែលតែងបង្កអសន្តិសុខក្នុងមូលដ្ឋាន បទល្មើសគ្រឿងញៀន ជាដើម។ជាងនេះទៀត គឺត្រូវខិតខំផ្សព្វផ្សាយពីភូមិ ឃុំ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ជួយផ្តល់នូវព័ត៌មាន ពីសកម្មភាពទាំងឡាយណា ដែលសង្ស័យថាជាអំពើល្មើសច្បាប់ចំពោះមុខសញ្ញា ដែលមានបំណងមិនល្អបង្កភាពអសន្តិសុខក្នុងមូលដ្ឋានដែលគាត់រស់នៅ។ទន្ទឹមនោះត្រូវផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស បានយលកាន់តែច្បាស់ពីច្បាប់ចរាចរណ៍ ដើម្បីគាត់បានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានបញ្ជាក់ថា ៖ លោកឧត្តសេនីយ៍ទោស្នងការ ក៏មានមោទនភាពផងដែរ ដែលការប្រឡងប្រណាំងការងារប៉ុស្តិ៍រដ្ឋបាលទូទាំងប្រទេសប្រចាំឆ្នាំ២០១៩នេះ ខេត្តបន្ទាយមានជ័យយើង ទទួលបានចំណាត់ថ្នាក់លេខ១ បានចំនួន៥៣ប៉ុស្តិ៍ ក្នុងនោះលេខ២ បានចំនួន១០ប៉ុស្តិ៍ និងលេខ៣ បានចំនួន២ប៉ុស្តិ៍ ។ ដើម្បីឲ្យការងារប្រឡងប្រណាំងនេះ ទទួលបាននូវចំណាត់ថ្នាក់រឹតតែល្អនោះ ក្នុងនាមលោកតំណាងជួសមុខឲ្យលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត សូមជម្រុញបន្ថែមដល់នាយ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវតែខិតខំបន្ថែមទៀត ពិសេសប៉ុស្តិ៍រដ្ឋបាលដែលទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៣ ។ជាមួយគ្នានោះដែរ លោកស្នងការរង បានណែនាំដល់សិក្ខាកាមទាំងអស់ សូមឲ្យខិតខំសិក្សារៀនសូត្រ និងត្រងត្រាប់ស្តាំការពន្យល់របស់លោកគ្រូ ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តឲ្យចំគោលដៅ បើទោះបីជារយៈពេលនៃការសិក្សានេះ មានរយៈពេលខ្លីក៏ពិតមែន តែវាជាមូលដ្ឋានគ្រឹះ សម្រាប់ចំណេះដឹងរបស់មន្ត្រីនគរបាលយកទៅអនុវត្តការងារស្នូលរបស់ខ្លួននៅមូលដ្ឋាន។

ជាមួយគ្នានោះដែរ លោកវរសេនីយ៍ទោ សេង ហឿន នាយការិយាល័យ កិច្ចការងារប៉ុស្តិ៍ស្តីទី បានបញ្ជាក់ថា ៖ ខ្លឹមសារមេរៀនដែលត្រូវសិក្សាដល់មន្ត្រីប៉ុស្តិ៍រដ្ឋបាលនាពេលនេះ មាន៨មេរៀនក្នុងនោះ គឺ ៖ វិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦​, ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក,ក្រមនីតិវិធីព្រហ្មទណ្ឌ,ការ​ងារគ្របគ្រងស្ថិតិប្រជាពលរដ្ឋ,វិធានការជួញដូរមនុស្ស និងការពារអនីតិជន,តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរ​បាលរដ្ឋបាល​លេខ៧០៥ប្រ.ក និងការងារនគរបាល និងសហគមន៍,កំណត់ត្រាបទល្មើស និងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព,វិធានការបង្រ្កាបពន្លត់ អគ្គីភ័យ ៕