រដ្ឋលេខាធិការ

កិច្ចប្រជុំបន្តពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

រាជធានីភ្នំពេញ៖ កិច្ចប្រជុំបន្តពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានធ្វេីឡើងនៅព្រឹកថ្ងៃពុធ  ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំរបស់ទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាននានារបស់ក្រសួងមហាផ្ទៃ មេធាវីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មន្រ្តីជំនួយការផ្នែកច្បាប់ FBI មន្រ្តីជំនាញផ្នែកច្បាប់របស់ក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ។
កិច្ចប្រជុំធ្វើឡើងដើម្បីសិក្សាបន្តទៅលើសេចក្ដីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងធានាសុច្ចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ជាងនេះ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឱ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា៕