ព័ត៌មានក្នុងប្រទេស

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញជួបប្រជុំ សំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត

 

រសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញជួបប្រជុំសំណេះសំណាលមន្ត្រីរាជការសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ ចំណុះទីចាត់ការសាលាខេត្ត ។

មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រីរាជការ នាឱកាសនោះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តបានផ្តោតការយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុកស្មាញនានា ជាពិសេសបញ្ហាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានជម្រាបជូនផងដែរអំពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗលើគ្រប់

វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ពីកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាន រហូតមានលទ្ធផលដូចសព្វថ្ងៃ។រាជរដ្ឋាភិបាលកំពុងអនុវត្តនូវកំណែទំរង់ស៊ីជំរៅលើគ្រប់វិស័យ ដើម្បីដោះស្រាយទប់ស្កាត់លុបបំបាត់ឲ្យស្ថិតនៅក្នុងកម្រឹតតិចតួចហើយដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនដែលនាំឲ្យគាត់បាត់ជំនឿលើការដឹកនាំរបស់យើង។ 

ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យមន្រ្តីរាជការទាំងអស់ត្រូវអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀតតាមរយៈការស្វែងយល់នូវរាល់លិខិតបដ្ឋានគតិយុត្តិ កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំរើការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ។ចំពោះបញ្ហាសុខភាព  ត្រូវប្រយ័ត្នប្រយែង ថែទាំឲ្យបានល្អ និងរឹងមាំជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យនៃការឆ្លង និងចម្លងជម្ងឺរលាកសួតប្រភេទថ្មី ដែលកំពុងកើតនៅក្នុងប្រទេសចិន និងបានឆ្លងរាលដាលជាច្រើនករណីទៀតនៅបណ្តាប្រទេសធំៗ ៕