ព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការ

សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គា ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ)ព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) និងមានការអញ្ជើញចូលលរួមដោយតំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (ថ្នាក់តំបន់) IOM និងតំណាងស្ថានទូតអាមេរិក តំណាងភាគី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ)ព្រះរាជាណាចក្រកម្ពុជាបានលើកឡើង អំពីបញ្ហារបស់ពលករខ្មែរដែលទៅធ្វើការប្រទេសគេដោយគ្មានច្បាប់ត្រឹមត្រូវ ដោយករណី នេះបានធ្វើឲ្យរាជរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ ប៉ុន្តែអង្គការអន្តរជាតិទេសន្តប្រវេសន៍ ដែលហៅកាត់ថា IOMបន្តលើកទឹកចិត្តជានិច្ចចំពោះកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយសំ រាប់ពលករដែលខុសច្បាប់ទាំងនោះ។

ក្នុងរយៈពេលពីរថ្ងៃការរៀបចំសិក្ខាសាលាឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ជាមួយគ្នា អំពីបញ្ហាទេសន្ដរប្រវេសន៍ ដែលឈានទៅដល់ការជួញដូរ ឬកេងប្រវ័ញ្ញកម្លាំងពលកម្មរបស់ពលករ ភាគីពាក់ព័ន្ធនឹងអាចមានព័ត៌មាន ជាមួយការផ្ដួចផ្ដើមថ្មីៗ ដែលប្រទេសទាំងបួន អាចចែករំលែកជាមួយគ្នាអំពីបទពិសោធន៍ និងការអនុវត្តល្អ នៅតាមប្រទេសនីមួយដើម្បីឆ្លើយតបទៅនឹងទេសន្ដប្រវេសន៍។
លោកជំទាវ រដ្ឋលេខាធិការ ក៏បាននូវក្តីសង្ឃឹមយ៉ាងជឿជាក់ថា ប្រទេសទាំងបួន នឹងមានកិច្ចសហការល្អជាមួយគ្នាបន្ដទៀត ដែលត្រៀមលក្ខណៈដើម្បីឈានទៅជជែកពិភាក្សាជាមួយប្រទេសគោលដៅ ដែលអាចផ្ដើមពីប្រទេសថៃ។ ដែលបញ្ហាប្រឈមកន្លងមក កម្ពុជា, ឡាវ , មីយ៉ាន់ម៉ា និងវៀតណាម ជួបប្រទះ គឺការដោះស្រាយបញ្ហាច្បាប់ ព្រោះដោយសារតែពលករមួយចំនួន មិនមានឯកសារច្បាប់ត្រឹមត្រូវ ហើយប្រទេសបញ្ជូន និងប្រទេសគោលដៅបានឯកភាពគ្នា ក្នុងការផ្ដល់ឯកសារច្បាប់ ជូនពួកគាត់ដែលចំណាកស្រុកទាំងអស់នោះ។

លោកជំទាវ រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានពលករនៅក្រៅប្រទេស ប្រមាណ១,២លាននាក់ ក្នុងនោះពលករដែលខុសច្បាប់ច្រើនជាងគេ គឺទៅប្រទេសថៃ ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធកំពុងតែខិតខំរិះរក គ្រប់មធ្យោបាយ ដើម្បីដោះស្រាយជូនពួកគាត់ឲ្យក្លាយជាពលករស្របច្បាប់។
ជាមួយគ្នានេះ លោកស្រី Kristin Parco តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (ថ្នាក់តំបន់) IOM នៅកម្ពុជា ក៏បាន កោតសរសើររបស់ចំពោះការបេ្ដជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់ការធ្វើចំណាក់ស្រុកដោយខុសច្បាប់។ តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (ថ្នាក់តំបន់) IOM នៅកម្ពុជា បានអះអាងថា ទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងច្បាប់បទដ្ឋានគតិយុត្ដផ្សេងៗ គឺរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចូលដើម្បីពិភាក្សាដោះស្រាយបញ្ហាទេសន្ដរប្រវេសន៍ដែលមិនប្រក្រតីនេះ។

សូមបញ្ជាក់ថា សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន ដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមនេះគឺ ដើម្បីបន្តស្វែងរកដំណោះស្រាយបន្ថែមចំពោះប្រជាជនរបស់ខ្លួន ដែលបានបញ្ជូននិងលួចទៅ ធ្វើការនៅប្រទេសដទៃខណៈដែលពួកគេបានជួបនឹងបញ្ហាផ្នែកច្បាប់ និងបញ្ហាផ្សេងៗទាក់ទង នឹងពួកគេនោះ ៕