ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​ប្រជុំផ្សព្វផ្សាយស្តីពីច្បាប់អន្តោប្រវេសន៍ គ្រប់គ្រងជនបរទេស​តាមប្រព័ន្ធ(​FPCS ) ដល់នគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៥​ និងអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយកដ្ឋានរង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានជម្រុញដល់ នគរបាលជំនាញការិយាល័យគ្រប់គ្រងជនអន្តោប្រវេសន៍ និងស្នងការរង ផែនការងារគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចប្រតិបតិការគ្រប់គ្រងជនបរទេសឲ្យបានជាប់លាប់ សំដៅរក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងខេត្ត ។នេះគឺជាប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ ក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតីក្នុងអង្គប្រជុំផ្សព្វផ្សាយច្បាប់អន្តោប្រវេសន៍ ស្តីពីការងារគ្រប់គ្រងជនបរទេស​តាមប្រព័ន្ធ(​FPCS ) ដែលមកស្នាក់នៅធ្វើការងារ វិនិយោគ និយោគិន ប្រកបមុខរបររកស៊ីផ្សេងៗ ព្រះរាជណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែកក្នុងខេត្តបន្ទាយមានជ័យនេះ ។

ឯកឧត្តម ក៏បានបញ្ជាក់ថា៖ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជណាចក្រកម្ពុជា ប្រទេសជាតិមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ មានការអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសគោលនយោបាយបើកចំហរជើងមេឃ របស់រាជរដ្ឋាភិបាល បាននាំមកនូវកំណើនជនបរទេសជាអ្នកវិនិយោគ ធុរជន ទេសចរ ជាច្រើនគួរឲ្យកត់សម្គាល់។ដើម្បី រួមចំណែកសកម្មក្នុងការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ ឲ្យបានជោគជ័យ ។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំការប្រជុំ ដើម្បីផ្សព្វផ្សាយច្បាប់អន្តោប្រវេសន៍ ស្តីពីការងារគ្រប់គ្រងជនបរទេសតាមប្រព័ន្ធ( FPCS ) ដល់អធិការដ្ឋាននគរបាលគ្រប់ស្រុក ក្រុង ទាំង៩ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករង បានមានប្រសាសន៍បន្តថា ៖ គ្រប់ប៉ុស្តិ៍រដ្ឋបាល អធិការដ្ឋាន នគរបាល ស្រុក ក្រុង និងស្នងការដ្ឋាននគរបាលខេត្ត ត្រូវក្តាប់អោយបាន និងតម្លើងបញ្ជីទីតាំង ឬគោលដៅដែលជនបរទេសស្នាក់នៅ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីវិធានការគ្រប់គ្រងវត្តមានជនបរទេស ប្រកបដោយប្រសិទ្ធភាព ។ ត្រូវណែនាំឲ្យម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទបានដឹងនូវវិធីជូនដំណឹងព័ត៌មានអំពីវត្តមានជនបរទេសដែលមកស្នាក់នៅ ជូននគរបាលមានសមត្ថកិច្ចដូចជា ៖ ការជូនព័ត៌មានតាមរយៈបញ្ចូលទិន្ន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ហៅកាត់ថា( FPCS ) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឬ ការអញ្ជើញទៅប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ដែលគាត់ស្នាក់នៅ ដើម្បីធ្វើសេចក្តីជូនដំណឹងដោយផ្ទាល់ ក្នុងករណីដែលលំនៅដ្ឋានរបស់គាត់ពុំ មានសេវាអ៊ិនធើណែត ឬ គាត់មិនចេះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេស( FPCS )  ។ត្រូវតាមដានសកម្មភាពជូនដំណឹង អំពីវត្តមានជនបរទេសរបស់ម្ចាស់ផ្ទះ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដើម្បីមានការរំលឹកដាស់តឿនឲ្យគាត់អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងត្រូវធ្វើរបាយការណ៍តាមឋានា​នុក្រមរាយការណ៍ជូនក្រសួងមហាផ្ទៃ តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អំពីមរណភាព ការបាត់ខ្លួន ឬ ឧបទ្ទវហេតុនានាបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ជនបរទេស កើតឡើងក្នុងដែនដីក្រោមសមត្ថកិច្ចរបស់ខ្លួន។ ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយករង នៃនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានទទួលសំណើសុំតែងតាំងថ្នាក់អធិការរង ទទួលការងារអន្តោប្រវេសន៍ដែលមានចំនួន៧អធិការដ្ឋាន ពុំទាន់មានអធិការរងផងដែរ។

បើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ អេង លីហួរ ស្នងការរង ទទួលផែនការងារគ្រប់គ្រងជនបរទេស បានឲ្យដឹងថា៖ឆ្នាំ២០១៩កន្លងមកនេះ បានធ្វើការចុះបញ្ជីអន្តោប្រវេសន៍ចំនួន៣៨២គ្រួសារ មនុស្សរាយចំនួន៥៧៨នាក់ ។ចុះស្រង់ស្ថិតិជនបរទេសមិនមែនអន្តោប្រវេសន្តបានចំនួន៦.១៩៨ នាក់ មានប័ណ្ណការងារសរុបចំនួន៥.០១៣នាក់,មានបង្កាន់ដៃចំនួន១០៥នាក់ ។ធ្វើការផាកពិន័យអន្តោប្រវេសន៍ល្មើសច្បាប់ ចំនួន១.០៥១នាក់ ស្នើនឹងទឹកប្រាក់ ៥២៥.៥០០.០០០រៀល(ប្រាំរយម្ភៃប្រាំលាន ប្រាំរយពាន់រៀលគត់)៕