ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ ឆ្នាំទី១ របស់ក្រុមប្រឹក្សាខេត្តក្រចេះ

 

ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្តក្រចេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ ឆ្នាំទី១ ក្រោមអធិបតីភាព ឯកឧត្ដម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទុយ ប៊ុនសេរីរត្ន័មុន្នី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

សូមជម្រាបថា ៖ របៀបវារៈដែលបានលើកយកមកអនុម័តនាឱកាសនោះ រួមមាន៖ ១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ័រីកចំរើនប្រចាំឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តក្រចេះ ៣-ពិនិត្យ ពិភាក្សា និង អនុម័ត លើសេចក្តីព្រាងរបាយការណ៏វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ ឆ្នាំ ២០១៩ និង ៤- បញ្ហាផ្សេងៗ ។

ឯកឧត្ដម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថាការងារសន្តិសុខក្នុងខេត្តយើងធ្វើបានច្រើនហើយទទួលលទ្ឋផលល្អប្រសើរ។ ឯកឧត្តមប្រធានក៏បានក្រើនរម្លឹកដល់អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ពន្ឋ័ជាពិសេសខាងមន្ទីររៀបចំដែនដីនគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវមានយកចិត្តទុកដាក់ ចុះត្រួតពិនិត្យគុណភាពសំណង់ ទាំងឡាយណាដែលកំពុងធ្វើការសាងសង់ ដែលជាអាគារធំៗ ខ្ពស់ៗ ក្នុងខេត្តនិងបណ្តា ស្រុក ដើម្បីការពារនូវហានិភ័យ បាក់រលំ ស្រុត ដូចនៅបណ្តាខេត្តមួយចំនួនដែលបានកើតឡើង ហើយនោះយើងត្រូវមានការប្រុងប្រយត្ន័ ការពារជាមុន។ 

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមក អោយទទួលបានលទ្ធផលល្អ។ ពិសេសបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមអោយបានល្អ និងការអភិវឌ្ឍរីកចំរើនជាបន្តបន្ទាប់។