ព័ត៌មានអន្តរជាតិ

ចិន​បញ្ជាក់ថាបញ្ហារីករាលដាលនៃវីរុស “COVID-19” នឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ

Reuters: យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា នៅថ្ងៃសុក្រ (ទី២១ កុម្ភៈ) នេះ មន្រ្តីការទូតជាន់ខ្ពស់ចិនបានស្នើឲ្យមានការបន្ធូរបន្ថយការព្រួយបារម្ភអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដោយសារបញ្ហាឆ្លងនៃវីរុសផ្លូវដង្ហើម “COVID-19” ដែលរួមមានដូចជាការព្រួយបារម្ភថានឹងមានការពន្យារពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (Belt and Road) របស់ប្រទេសចិនជាដើម។

សូមជម្រាបថា អ្នករៀបចំគោលនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគយ៉ាងជិតស្និទ្ធជាមួយប្រទេសចិននោះ ពេលនេះបាននឹងកំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសខាងលើទៅលើសេដ្ឋកិច្ចរបស់ប្រទេសខ្លួន។

គួរឲ្យដឹងថា គម្រោងខ្សែក្រវាត់និងផ្លូវ (Belt and Road) មួយចំនួននៅក្នុងតំបន់ខាងលើ ត្រូវបានពន្យាពេលរួចទៅហើយដោយសារតែកម្មករចិនមិនអាចវិលត្រឡប់ទៅធ្វើការដូចធម្មតាវិញបន្ទាប់ពីឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំចិន និងស្របពេលដែលមានការបិទទ្វារនៃតំបន់មួយចំនួនក្នុងប្រទេសចិនដែលត្រូវបានហាមឃាត់មិនឲ្យមានការចេញចូលផងដែរ។

ទាក់ទងនឹងបញ្ហានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំតំបន់អាស៊ានលោក ដេង ស៊ីជុន (Deng Xijun) បានមានប្រសាសន៍ថា “ទីក្រុងប៉េកាំងបានចាត់វិធានការជាច្រើនហើយដើម្បីគាំទ្រដល់ក្រុម​ហ៊ុនដែលពាក់ព័ន្ធនឹងគម្រោងខ្សែក្រវាត់និងផ្លូវនេះដោយក្នុងនោះរួមមានដូចជាការជួយក្រុមហ៊ុនទាំងនោះឲ្យបន្តរៀបចំការងាររបស់ខ្លួននៅឯបរទេសទៅតាមរបៀបរៀបរយដែលបានកំណត់ទៀតផង។”

លោក ដេង (Deng) បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលចិនគឺជាដៃគូពាណិជ្ជកម្មលេខមួយរបស់តំបន់អាស៊ានអស់រយៈពេល ១១ ឆ្នាំមកហើយ ហើយចិនក៏ជាប្រភពដ៏សំខាន់នៃភ្ញៀវទេសចរនិងការវិនិយោគផងដែរសម្រាប់តំបន់នេះ ដូចនេះ វាច្បាស់ហើយថាបញ្ហានៃវីរុសឆ្លងក្នុងប្រទេសចិននៅពេលនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងដៃគូទាំងពីរ។

ទ​ន្ទឺមគ្នានេះ លោកឯកអគ្គរដ្ឋទូតបានបន្តថា “ទោះយ៉ាងណាក្តី ខ្ញុំគិតថាផលប៉ះពាល់នេះ គឺជារឿងបណ្តោះអាសន្ននិងមានរយៈពេលខ្លីប៉ុណ្ណោះ។”

ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅក្នុងទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃសុក្រនេះ លោក ដេង (Deng) បានលើកឡើងថា គម្រោងដែលពាក់ព័ន្ធនឹងគម្រោងខ្សែក្រវាត់និងផ្លូវ (Belt and Road) មួយចំនួន ភាគច្រើនជួលកម្មករនិងអ្នកគ្រប់គ្រងជនជាតិចិន ហើយដោយសារតែពួកគេមិនអាចវិលត្រឡប់ទៅធ្វើការក្រោយចប់ថ្ងៃសម្រាកទើបធ្វើឲ្យគម្រោងមានការពន្យារពេល។

សូមជម្រាបថា ការលើកឡើងរបស់លោក ដេង (Deng) ខាងលើនេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសចិនបានអំពាវនាវឱ្យមានសាមគ្គីភាពនៅក្នុងការប្រជុំពិសេសមួយដែលត្រូវបានរៀបចំយ៉ាងឆាប់រហ័សដើម្បីពិភាក្សាអំពីការឆ្លងវីរុសដ៏កាចសាហាវនេះជាមួយសមាជិកបណ្តាប្រទេសអាស៊ាននៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

គួរឲ្យដឹងផងដែរថា គិតមកទល់ពេលនេះ ការរីករាលដាលនៃវីរុស “COVID-19” បានសម្លាប់ជីវិតមនុស្សជាង ២២០០ នាក់ហើយនៅក្នុងប្រទេសចិន និងបានឆ្លងដល់មនុស្សជាង ៧៥.៤០០ នាក់ផ្សេងទៀតផងដែរ ហើយរហូតមកដល់ថ្ងៃនេះ មានប្រទេសចំនួន ២៥ ហើយបានរាយការណ៍អំពីការឆ្លងជាង ១.០០០ ករណីទៅអង្គការសុខភាពពិភពលោកដោយក្នុងនោះប្រទេសដែលជាសមាជិកអាស៊ានចំនួនពីរគឺប្រទេសសិង្ហបុរីនិងថៃបានជាប់ជាប្រទេសដែលមានអត្រាអ្នកឆ្លងច្រើនជាងគេផងដែរ។

សូមបញ្ជាក់ជូនបន្ថែមផងដែរថា យោងតាមលោក ហារីហីកុ គូរ៉ូដា (Haruhiko Kuroda) ទេសាភិបាលធនាគារកណ្តាលជប៉ុនបានឲ្យដឹងថា បញ្ហានៃការរីករាលដាលនៃវីរុសរាតត្បាតថ្មីនេះក៏នឹងត្រូវបានលើកឡើងជាប្រធានបទសំខាន់ក្នុងកិច្ចពិភាក្សារបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុម​កពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំង ២០ ឫហៅកាត់ថា “G20” នៅចុងសប្តាហ៍​នេះផងដែរ។