ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ចាម ផ្ដល់ការលើកទឹកចិត្ត ដល់តំណាងខ្មែរឥស្លាម កុំជឿទៅតាមការញុះញង់ បើមានបញ្ហាអ្វីត្រូវទំនាក់ទំនងព័ត៌មានមកថ្នាក់ដឹកនាំរដ្ឋ ឬថ្នាក់ដឹកនាំក្នុងជួរសាសនា

កំពង់ចាម ៖ នៅក្នុងឱកាសជួបប្រជុំ ជាមួយតំណាងបងប្អូនខ្មែរឥស្លាម ប្រចាំខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ផ្ដល់ការលើកទឹកចិត្ត ដោយសូមឲ្យបងប្អូនខ្មែរទាំងអស់ កុំជឿទៅតាមការញុះញង់ របស់ជនអគតិទាំងឡាយ បើមានបញ្ហាអីត្រូវទំនាក់ទំនងព័ត៌មាន មកថ្នាក់ដឹកនាំរដ្ឋ ឬថ្នាក់ដឹកនាំ ក្នុងជួរសាសនា ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួម ពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត និងមន្ត្រីជំនាញ ជាច្រើនរូបទៀត ផងដែរ ។

ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា មកដល់ម៉ោងនេះ យើងឃើញមានជនបំពុលសង្គម ដើម្បីប្រយោជន៍បុគ្គល និងបក្សពួក បានយកប្រធានបទ Covid-19 ធ្វើជានយោបាយ ដើម្បី បំបែកបំបាក់ផ្ទៃក្នុងរបស់បងប្អូនរបស់យើង ។ ដូច្នេះហើយ សូមបងប្អូនខ្មែរ កុំជឿទៅតាមការញុះញង់ របស់ជនអគតិទាំងឡាយ មានបញ្ហាអីត្រូវទំនាក់ទំនងព័ត៌មាន មកថ្នាក់ដឹកនាំរដ្ឋ ឬថ្នាក់ដឹកនាំ ក្នុងជួរសាសនា ។ លើសពីនេះទៅទៀតនោះ យើងត្រូវតាមដានជាប្រចាំ នូវសន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាល ទើបជាព័ត៌មានពិត ។ ដោយឡែក ជាបន្តបន្ទាប់ទៅមុខ សូមឲ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវពង្រឹងនូវគោលជំហររបស់ប្រជាពលរដ្ឋ ពីព្រោះថា មកដល់ពេលនេះ ក៏មានបងប្អូនមួយចំនួនកំពុងទន់ជ្រាយ លើផ្នែកសតិអារម្មណ៍ និងកំពុងមានវិប្បដិសារី ដោយសារការរើសអើងជាតិសាសន៍ ដែលជាទង្វើមួយ នាំទៅឲ្យពួកគាត់ក្លាយជាមនុស្សឯកា ។ យ៉ាងណាម៉ិញ មកដល់ម៉ោងនេះ យើងត្រូវការការសាមគ្គី ការលើកទឹកចិត្តគ្នា ដើម្បីឲ្យបងប្អូនយើងចេះប្រមូលផ្តុំកម្លាំង ប្រឆាំងនឹង Covid-19 ឲ្យទទួលបានជោគជ័យ ព្រោះថា មកដល់ម៉ោងនេះ យើងនូវគ្រប់គ្រងស្ថានការណ៍នេះ បានជាធម្មតានៅឡើយទេ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការទប់ស្កាត់ Covid-19 ដោយមានសមាសភាព សម្ដេចតេជោ និងសម្ដេចក្រឡាហោម ជាប្រមុខដឹកនាំ ហើយរដ្ឋាភិបាល ក៏បានសម្រេចលើកពេលកម្មវិធីជួបជុំធំៗទាំងអស់ និងបិទក្លឹបសប្បាយដ្ឋាននានា ដើម្បីធានាបាននូវសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង ផងដែរ ៕