ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ផលិតផលកសិកម្មទាំងអស់ រួមទាំងផលិតផលនៅផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង មិនមានការលក់តម្លើងថ្លៃក្នុងពេលមានការផ្ទុះជំងឺកូវីដ១៩ឡើយ

ខេត្តកំពង់ឆ្នាំង ៖ បើតាមការបញ្ជាក់ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹង នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ តំលៃស្រូវ អង្ករ សាច់ ត្រី និងបន្លែគឺពុំមានការតំឡេីងថ្លៃទេតាមផ្សារ និងតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តកំពង់ឆ្នាំង។ ជាពិសេសនៅផ្សារសហគមន៍កសិកម្ម ដែលមានទីតាំងនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មិនមានការលក់ម្លើងថ្លៃក្នុងពេលមានការផ្ទុះកូវីដ១៩ឡើយ ខណៈដែលទីផ្សារមួយចំនួនមិនមានអាជីវករលក់ដូរ នឹងឆ្លៀតឱកាសលក់ទំនិញតម្លើងថ្លៃហួសហេតុ។

លោកបានបន្តថា មន្ទីរកសិកម្មបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធតែងតែចុះណែនាំដល់សហគមន៍កសិកម្ម កុំប្រើប្រាស់សារធាតុគីមី ទៅលើបន្លែ ត្រី សាច់ ឬផលិតផលកសិកម្ម ឲ្យរក្សាលក់តម្លៃធម្មតា ព្រោះការធ្វើបែបនេះ គឺជាសកម្មភាពជួយដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសមិនធ្វើប៉ះពាល់ដល់សុខភាព។

ផ្សារសហគមន៍កសិកម្មគឺល្អខ្លាំងណាស់ ដោយសារការជួញដូរមិនមានការដំឡើងថ្លៃអ្វីទេ ហើយប្រជាពលរដ្ឋជាច្រើនមានការយល់ដឹងពីសុខភាពរបស់ពួកគាត់ គឺគាត់តែងតែមកទិញ មានទាំងត្រី សាច់ជ្រូក មានបន្លែសរីរាង្គច្រើន និយាយជារួមមានច្រើនពាក់ព័ន្ធជាមួយនឹងវិស័យកសិកម្ម។

លោកបានជំរុញឱ្យប្រជាកសិករនៅតាមបណ្តាសហគមន៍កសិកម្មទាំងអស់ ខិតខំដាំដុះបន្លែ ចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ឱ្យបានច្រើនទ្វេរដង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងមិនត្រូវប្រើប្រាស់សារធាតុគីមី ឬជីគីមីឡើយ ៕