ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តសេនីយ៍ទោ ទិត្យ ណារ៉ុង អញ្ជីញចូលរួម ពិធីបើកវគ្គបំប៉នសមត្ថភាពនគរបាលចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ស្តីពី ការពិន័យអន្តរការណ៍

សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍១០កើតខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង៣០នាទី លោកឧត្តសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានអញ្ជីញជាចូលរួមបេីកវគ្គបំប៉នសមត្ថភាពនគរបាលចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ. បក ស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក
នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានការអញ្ជេីញចូលរួមពី លោក លោកស្រី ស្នងការរងទទួលផែនចំនុះស្នងការដ្ឋាន នាយ នាយរងការិយាល័យកចរាចរណ៍ផ្លូវគោក អធិការក្រុង/ស្រុកទាំង ១២ លោកអធិការរងទទួលការងារចរាចរណ៍ក្រុង/ស្រុក នាយផ្នែក នាយរងផ្នែក និងមន្រ្តី ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានប្រសាសន៍ថា : អនុក្រឹត្យលេខ៣៩ អនក្រ,បក របស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ,បក បានផ្តោតសំខាន់លើការពិន័យអន្តរកាលចំពោះបទល្មើសចរាចរណ៍ផ្លូវគោកនេះ ដែលមានកម្រិតនៃការផាកពិន័យជាទឹកប្រាក់មានចំនួនទឹកប្រាក់គុណទ្វេរដង លើយានយន្តគ្រប់ប្រភេទ ហើយក្នុងរយៈពេល ៦ខែ នៃការផាកពិន័យ នៅតែមានការប្រព្រឹត្តខុសទៀត សមត្ថកិច្ចនឹងធ្វើការឃាត់ខ្លួន រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តបន្តតាមនីតិវិធី ។

លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើអោយមន្ត្រីជំនាញទាំងអស់ ត្រូវយកច្បាប់ចរាចរណ៍ថ្មីនេះ យកទៅផ្សព្វផ្សាយអោយបានទូលំទូលាយដេីម្បីអោយមានការយល់ដឹង និងមានប្រសិទ្ធិភាពខ្ពស់ ហើយមន្ត្រីជំនាញទាំងអស់ត្រូវគោរពជាកងកម្លាំងនគរបាលជាតិ មានសុជីវធម៌ក្នុងការនិយាយស្តី សុភាពរាបសា តែម៉ឺងម៉ាត់ ។ កម្លាំងដែលត្រូវចុះប្រតិបត្តិការ ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមច្បាប់ដែលកំណត់ចំពោះការផាកពិន័យអន្តរកាលលើបទល្មើសចរាចរណ៍ ជៀសវាងការអនុវត្តខុសឆ្គងនឹងច្បាប់ដែលបានកំណត់ ៕