ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិកធ្វើប្រតិបត្តិការក្នុងដែនទឹកសមុទ្រចិនខាងត្បូងស្របពេលនៃការប្រឈមមុខគ្នារវាងចិននិងម៉ាឡេស៊ី

Reuters: យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ៍ (ទី២១ មេសា) នេះបានឲ្យដឹងថា នាវាចម្បាំង ០២ គ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការនៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងដោយក្នុងនោះយោងតាមភ្នាក់ងារសន្តិសុខក្នុងតំបន់ចំនួន ០៣ បានលើកឡើងថា ក្នុងប្រតិបត្តិការខាងលើនេះ នាវារបស់សហរដ្ឋអាមេរិកបានចូលទៅដល់ជិតតំបន់ដែលកំពុងមានការប្រឈមមុខរវាងប្រទេសចិននិងម៉ាឡេស៊ី។

សូមជម្រាបថា កាលពីសប្តាហ៍កន្លងទៅនេះ នាវាស្រាវជ្រាវរបស់រដ្ឋាភិបាលចិនឈ្មោះ “Haiyang Dizhi 8” ត្រូវបានគេប្រទះឃើញថាបាននឹងកំពុងធ្វើការវាសស្ទង់នៅជិតនាវារុករកប្រេងមួយដែលប្រតិបត្តិការដោយក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសម៉ាឡេស៊ីឈ្មោះ Petronas ពោលគឺក្រោយរយៈពេលជាច្រើនខែបន្ទាប់ពីនាវានេះបានធ្វើសកម្មភាពស្រដៀងគ្នាខាងលើនេះនៅប្រទេសវៀតណាម។

ក្រោយមក ឧប្បត្តិហេតុខាងលើនេះបានជម្រុញឱ្យសហរដ្ឋអាមេរិកចេញមុខអំពាវនាវឱ្យប្រទេសចិនបញ្ឈប់ “អាកប្បកិរិយាលក្ខណៈសម្លុតគំរាម” របស់ខ្លួននៅក្នុងដែនទឹកដែលកំពុងមានជម្លោះខាងលើដោយលើកឡើងពីការព្រួយបារម្ភចំពោះសកម្មភាពបង្កហេតុរបស់ទីក្រុងប៉េកាំងចំពោះការអភិវឌ្ឍន៍នៃប្រេងនិងឧស្ម័ននៅក្នុងតំបន់នេះ។

ជាមួយគ្នានេះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរៀបរាប់ថា “ប្រទេសចិនបានឆ្លៀតឱកាសទាញយកផលប្រយោជន៍ស្របពេលដែលតំបន់ទាំងមូលកំពុងផ្តោតអារម្មណ៍លើការរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩ដោយចិនបានធ្វើការបង្ខិតបង្ខំប្រទេសដែលជាអ្នកជិតខាងរបស់ខ្លួន”។

អ្នកនាំពាក្យទីបញ្ជាការ Indo-Pacific របស់សហរដ្ឋអាមេរិកលោក Nicole Schwegman បានឲ្យដឹងនៅថ្ងៃអង្គារ៍ (ទី២១ មេសា) នេះថា នាវាចម្បាំងដ៏ធំចំនួន០២គ្រឿងរបស់សហរដ្ឋអាមេរិកឈ្មោះ USS America និង USS Bunker Hill ដែលជានាវាផ្ទុកមីស៊ីលផងដែរនោះ បានបោះទីតាំងនិងកំពុងធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។

លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈសារអេឡិចត្រូនិចទៅកាន់សារព័ត៌មាន រ៉យទ័រ លោក Schwegman បានរៀបរាប់ថា “តាមរយៈវត្តមាននៃប្រតិបតិ្តការជាបន្តរបស់យើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង អ្វីដែលយើងបាននឹងកំពុងធ្វើ…គឺដើម្បីលើកកម្ពស់សេរីភាពនាវាចរណ៍និងការហោះហើរលើអាកាសព្រមជាមួយគោលការណ៍អន្តរជាតិដែលបានសង្កត់ធ្ងន់លើបញ្ហាសន្តិសុខនិងវិបុលភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific)”។

លោក Schwegman បានបន្តថា “សហរដ្ឋអាមេរិកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដែលជាសម្ព័ន្ធមិត្តនិងដៃគូរបស់យើងដើម្បីកំណត់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសពួកគេរៀងៗខ្លួន”។

ទន្ទឹមគ្នានេះ ឧត្តមនាវីទោលោក Fred Kacher មេបញ្ជាការនៃនិវេសនដ្ឋានវាយប្រហាររបស់នាវា USS America បានប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ថា “ក្នុងសប្តាហ៍នេះ កងកំលាំងរបស់លោកបានធ្វើអន្តរកម្មជាមួយកងនាវាចររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង”។

លើកឡើងក្នុងបទសម្ភាសន៍តាមទូរស័ព្ទពីនាវា USS America លោក Kacher បានរៀបរាប់ថា “អន្តរកម្មរបស់យើងទាំងអស់បន្តស្ថិតក្នុងកម្រិតដែលមានសុវត្ថិភាពនិងមានវិជ្ជាជីវៈត្រឹមត្រូវជាមួយពួកគេ”។

សូមជម្រាបថា តំបន់ដែលបានលើកឡើងខាងលើនេះគឺស្ថិតនៅជិតដែនទឹកដែលកំពុងត្រូវបានទាមទារដោយប្រទេសវៀតណាមនិងម៉ាឡេស៊ីក៏ដូចគ្នាជាមួយប្រទេសចិនផងដែរ ហើយតាមរយៈការទាមទារដែនទឹកមួយភាគធំក្នុងតំបន់សមុទ្រចិនខាងត្បូងដែលចិនអះអាងថាជារបស់ខ្លួននោះ វាមិនត្រូវបានទទួលស្គាល់ជាផ្លូវការដោយប្រទេសជិតខាងនិងនៅទូទាំងពិភពលោកនោះទេ។

ទោះជាយ៉ាងណាក្តី ប្រទេសចិនក៏បានបដិសេធរបាយការណ៍ស្តីពីជំហររបស់ភាគីជម្លោះនីមួយៗទាក់ទងនឹងការទាមទារនេះផងដែរដោយបានលើកឡើងថា “នាវា Haiyang Dizhi 8 បានធ្វើសកម្មភាពនាវាចរជាធម្មតាប៉ុណ្ណោះ”។

ថ្លែងក្នុងការឆ្លើយតបតាមទូរសារទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា “ការលើកឡើងពីការប្រឈមមុខដាក់គ្នានៅតំបន់សមុទ្រចិនខាងត្បូងគឺមិនបានកើតឡើងនោះទេ”។

ជាមួយគ្នានេះ ក្រុមហ៊ុនប្រេង Petronas និងក្រសួងការបរទេសម៉ាឡេស៊ីក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះផងដែរ។

គួរសង្កេតផងដែរថា ប្រតិបត្តិការនាវាវាសស្ទង់របស់ចិននៅខែនេះបានកើតឡើងនៅពេលទីក្រុងប៉េកាំងបង្កើនវិធានការទូតដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតកូវីដ-១៩ដោយបរិច្ចាគជាគ្រឿងបរិក្ខារពេទ្យនិងជំនួយយ៉ាងច្រើនដល់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

ត្រង់នេះ សូមបញ្ជាក់ជូនថា ក្នុងសប្តាហ៍នេះ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ចិនមួយក្រុមបានមកដល់ប្រទេសម៉ាឡេស៊ីដែលបានរាយការណ៍ថាខ្លួនបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ជាង ៥.៤០០ នាក់ហើយគិតមកទល់ពេលនេះ។

គួរជម្រាបជូនបន្ថែមផងដែរថា សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថាបានទាញយកផលប្រយោជន៍ពីការរំខាននៃការវិបត្តិវីរុសកូវីដ-១៩ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។

លើសពីនេះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រទេសវៀតណាមបានចេញមុខធ្វើការតវ៉ាបន្ទាប់ពីប្រទេសចិនបានប្រកាសថាខ្លួនបានបង្កើតសង្កាត់រដ្ឋបាលចំនួន០២នៅលើកោះ Paracel និង Spratly ដែលជាកោះស្ថិតក្នុងដែនទឹកដែលកំពុងមានជម្លោះខាងលើ។