ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រជុំរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តាមអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០

បន្ទាយមានជ័យ ៖ ក្រោយពីទទួលបាននូវផែនការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរ​បាលជាតិ ។ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានរៀបចំប្រជុំស្តីពីការអនុវត្តការរឹតបន្តឹង ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីអស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ជាស្នងការរង នាយការិយា​ល័យនគរបាលចរាចរណ៍ លោកអធិការ អធិការរង លោកនាយ នាយរងផ្នែក និងមន្ត្រីនគរបាលទទួលការងារ សណ្តាប់ធ្នាប់ចរាចរណ៍ ខេត្ត ស្រុក ក្រុង សរុបចំនួន១១៦នាក់ ស្រី០៣នាក់។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈបានរាយការណ៍ ពីលទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩អនក្រ.បក គិតចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ទូទាំងខេត្ត បានធ្វើការផាកពិន័យលើម៉ូតូនិងរថយន្តសរុបចំនួន៤៣៣គ្រឿង ក្នុងនោះម៉ូតូចំនួន៤០៤គ្រឿង,មួក៣៥៧គ្រឿង,លើសចំណុះ០៤គ្រឿង,អត់លេខប័ណ្ណ ៤៣គ្រឿង ។ឡានសរុបចំនួន២៩គ្រឿងក្នុងនោះឡានតូច ៖ ចំនួន២២គ្រឿង បើកលឿន១១គ្រឿង,ខ្សែក្រវ៉ាត់០៩គ្រឿង,លើសចំណុះ០២គ្រឿង។ឡានធំសរុបចំនួន០៧គ្រឿង៖ខ្សែក្រវ៉ាត់០៧គ្រឿង ។

មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានជម្រុញដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវតែអនុវត្តច្បាប់ចរាចរណ៍មុនគេ(​ពោលគឺកុំមើលតែកុំហុសគេ ត្រូវមើលពីកំហុសខ្លួនឯងសិន) ព្រោះនគរបាលជាអ្នកអនុវត្តច្បាប់ ត្រូវធ្វើជាគំរូដល់មហាជន មុននឹងតម្រូវឲ្យគេគោរពច្បាប់នោះ ។ ហើយបើសិនជាមន្ត្រីនគរ​បាលល្មើសនឹងច្បាប់ចរាចរណ៍ ដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាពដោយសារតែការមិនគោរពច្បាប់ចរាចរណ៍ ហើយត្រូវបានបណ្តាញព័ត៌​មានសង្គមគេផ្សព្វផ្សាយ ដឹងជាមន្ត្រីនគរបាល​ក្នុងអធិការដ្ឋាន ស្រុក ក្រុងណា លោកអធិការស្រុក ក្រុងនោះ ត្រូវទទួលខុសត្រូវ ចំពោះមន្ត្រីការិយា​ល័យជំនាញផែនណា លោក លោកស្រី ស្នងការរងទទួលផែននោះ ទទួលខុសត្រូវ បើវរសេនាតូចនគរបាលការពារព្រំដែនគោក លោកស្នងការរងទទួលផែនព្រំដែនឬមេបញ្ជាការវរសេនាតូចនោះ ទទួលខុសត្រូវ។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា៖ចំពោះនគរបាលចរាចរណ៍ខេត្ត ត្រូវរៀបចំកន្លែងអនុវត្តការរឹតបន្តឹងច្បាប់នោះឲ្យបានច្រើនកន្លែងនៅលើផ្លូវជាតិគឺធ្វើការរឹតបន្តឹងទាំងឡាននិងម៉ូតូ។ឯទីប្រជុំជនសម្រាប់អធិការដ្ឋាននគរបាលស្រុក-ក្រុង ធ្វើការរឹតបន្តឹងតែម៉ូតូ ហើយមន្ត្រីនគរបាលចរាចរណ៍នោះ គឺទាមទារត្រូវតែចេះច្បាប់ឲ្យបានច្បាស់លាស់អំពីចំណុច​នីមួយៗនៃបទល្មើសដែលត្រូវផាក ដូចជាម៉ូតូមាន០៧ចំណុចនោះ អ្វីខ្លះ?ដែលជាបទល្មើស។ ចំណែកឡានមាន០៩ចំណុចនោះ អ្វីខ្លះ?ដែលជាបទល្មើស ។ បើសិនជាមិនមាននៅក្នុងច្បាប់តម្រូវឲ្យផាកក្នុង០៩ចំណុចមិនត្រូវផាកនោះឡើយ ដូចជារថយន្តកែច្នៃ ត្រាក់ទ័រ គោយន្តកែច្នៃ គោយន្តកន្ត្រៃ ជាដើម។ចំពោះការផាកមិនត្រូវបង់លុយនៅកន្លែងគោលដៅអនុវត្តច្បាប់នោះទេ ត្រូវរកកន្លែងដូចជាប៉ុស្តិ៍រដ្ឋបាលណាមួយឬអធិការដ្ឋាននគរបាល ស្រុក ក្រុង ដើម្បីឲ្យអ្នកដែលត្រូវបានផាកពិន័យ គាត់ងាយរកឃើញទៅបង់លុយថ្លៃផាកពិន័យនោះ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ទាំងអស់ ត្រូវតែគោរពនូវវិន័យការស្លៀកពាក់ឯកសណ្ឋាន គ្រឿងបំពាក់ឲ្យបានត្រឹមត្រូវ ត្រូវមានអាកប្បកិរិយាសុភាពរាបសារ ទន់ភ្លន់ តែម៉ឺងម៉ាត់ក្នុងការងារ​ ជាកងកម្លាំងនគរបាលជាតិ។ ធ្វើអ្វីៗត្រូវនឹងច្បាប់ ដែលបានកំណត់ ហាមដាច់ខាតការធ្វើអ្វីដែលមិនមានក្នុងច្បាប់កំណត់ ដែលនាំឲ្យមានបញ្ហាដល់ខ្លួន និងថ្នាក់ដឹកនាំអង្គភាព ៕