រដ្ឋលេខាធិការអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០១២ស.ណ.ន ស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬប្រធានអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ នៅសាលប្រជុំអគារ (S) នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែជេដ្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ វេលាម៉ោង ៨៖៣០នាទី ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម ហ៊ុយ វណ្ណះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០១២ស.ណ.ន ស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬប្រធានអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ។
ពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ  និងឯកឧត្តម លោកជំទាវ ជាអគ្គនាយករង ព្រមទាំងឯកឧត្តមប្រធាននាយកដ្ឋាន ប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ផងដែរ។ សេចក្ដីណែនាំស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋាន ឬប្រធានអង្គភាពប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ នេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំស្ថាប័ននានា ហើយត្រូវបានប្រជុំឆ្លងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធដល់ការកំណត់នៃដែនសមត្ថកិច្ចរបស់រដ្ឋលេខាធិការ ដើម្បីជៀសវៀងនូវបញ្ហាមិនយល់គ្នាមួយចំនួនដែលពាក់ព័ន្ធដល់ការបំពេញកិច្ចការងារ និងជួយជម្រុញ សម្របសម្រួល ដើម្បីឲ្យអង្គភាព និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា សម្រេចបាននូវប្រសិទ្ធភាពនៃការងារ បន្តនិរន្តរភាព និងវឌ្ឍនភាពនៃអង្គភាព ក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។