ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីចែកសម្ភារ បរិក្ខាពេទ្យ សម្រាប់ការពារជម្ងឺ កូវីដ-១៩ និងសម្លៀកបំពាក់ពេទ្យ ព្រមទាំង ធុងបាញ់ថ្នាំការពារជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីចែកសម្ភារ បរិក្ខាពេទ្យ សម្រាប់ការពារជម្ងឺ កូវីដ-១៩ និងសម្លៀកបំពាក់ពេទ្យ ព្រមទាំង ធុងបាញ់ថ្នាំការពារជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម។

ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត មានការអញ្ជើញចូលរួម លោក មេបញ្ជាការរង, លោក នាយសេនាធិការរង ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ទោ ធន ធឿន បានក្រើនរំលឹកជាថ្មី សូមឱ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងការយកចិត្តទុកដាក់គិតពីសុខភាពម្នាក់ៗ និងក្រុមគ្រួសារ ឱ្យបានល្អ ពេលនេះជារដូវកាលគ្រុនឈាន គ្រុនចាញ់ និងមានរលកថ្មីនៃជម្ងឺកូវីដ-១៩ កើតមានជាថ្មីទៀត ហើយសម្ភារបរិក្ខាពេទ្យ ដែលចែកជូនតាមការិយាល័យ ផ្នែកចំណុះ នៅពេលនោះ គឺត្រូវតែចែកជូនឱ្យដល់បុគ្គលម្នាក់ៗ ភ្លាមៗ កុំទុក យូរដើម្បីឱ្យបងប្អូនយើង បានប្រើប្រាស់ទាន់ពេលវេលា ៕