ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

​នគរបាលប្រឆាំងគ្រឿងញៀនខេត្ត និងក្រុងប៉ោយប៉ែត ចាប់ខ្លួនជនសង្ស័យប្តីប្រពន្ធ០២នាក់ ជួញដូរសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀនមួយចំនួនធំ

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំផ្ទាល់ដោយវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរនូវសារធាតុញៀនខុស ច្បាប់ចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ប្តីប្រពន្ធ និងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនធំ នៅចំណុច ភូមគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។​

លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ៖ដោយអនុវត្តនូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត តែងក្រើនរំលឹកដល់កម្លាំងនគរបាលជំនាញ ក៏ដូចជាកម្លាំងនគរបាលក្រុង ស្រុក និងវរសេនាតូចការពារព្រំដែនគោកទាំង០៤ ត្រូវតែចាត់វិធានការឲ្យស៊ើបអង្កេតស្រាវជ្រាវចំពោះបទល្មើសគ្រឿងញៀនឲ្យដូចជាភ្លៀងរលឹម ជាលទ្ធផល កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស៊ើបអង្កេតតាមវិធានការជំនាញឈានដល់ការបង្រ្កាបមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់ ចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ប្តីប្រពន្ធ មានឈ្មោះ ឈិន សំពៅ ភេទប្រុស អាយុ៥១ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ទុយ សុភា អាយុ៤៧ឆ្នាំ មានទៅលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ផ្កាឈូក មានអក្សរ wy ​លើគ្រាប់ថ្នាំម្ខាង ចំនួន៣១ថង់ពណ៌ខៀវ ស្មើ៦.០០៥គ្រាប់ ក្នុងនោះថ្នាំញៀនគ្រាប់ពណ៌បៃតងចំនួន៦០គ្រាប់ មានទម្ងន់៥៤០,៤៥ក្រាម និងថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា ចំនួន០៥ថង់ មានទម្ងន់ ១៤៣,២២ក្រាម រួមទាំងសម្ភារមានទូរស័ព្ទដៃចំនួន០២គ្រឿង,ធុងទឹកកកពណ៌ក្រហម ដែលជនសង្ស័យលាក់ទុកថ្នាំញៀនចំនួន០១,កាបូបក្រណាត់០១, បំពង់កែវចំនួន០១ និងសំបកវេចខ្ចប់មួយចំនួនទៀត ។

លោកស្នងការរងបានបន្តថា ៖ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាថ្នាំញៀនទាំងនេះខ្លួនបានពីមិត្តភ័ក្តិរបស់គេយកមកលក់បន្តនៅក្នុងខេត្តពិតប្រា​កដមែន ។

ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ប្តីប្រពន្ធ និងមានវត្ថុតាងជាក់ស្តែង លោកវរសេនីយ៍ទោ ង៉េង សុជា បានបញ្ជាក់ថា ៖ ជនសង្ស័យទាំង០២នាក់ប្តីប្រពន្ធ រួមទាំងវត្ថុតាងកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕