ព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការ

ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យពន្ធនាគារ និងពង្រឹងការងារគ្រប់គ្រង សំដៅលើកកម្ពស់សមត្ថភាពមន្រ្តីនៅពន្ធនាគារខេត្តកំពង់ធំ

នៅរសៀលថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នាពន្ធនាគារខេត្តកំពង់ធំ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានអញ្ជើញផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅនៃការរីករាលដាល និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងកើតមានលើសកលលោក ដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារខេត្តកំពង់ធំ ។
ពិធីផ្សព្វផ្សាយអំពីសភាពការណ៍ទូទៅនៃការរីករាលដាល និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខាងលើ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានអញ្ជើញចូលរួមផងដែរ ។

ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានលើកឡើង អំពីផែនការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញប្រកបដោយភាពប្រាកដច្បាស់លាស់ និងទាន់ពេលវេលាធ្វើឲ្យកម្ពុជាបច្ចុប្បន្នអាចគ្រប់គ្រងបាននូវស្ថានការណ៍នៃជំងឺកូវីដ១៩ដោយមិនទាន់មានករណីឆ្លងរីករាលដាលនៅក្នុងសហគមន៏ និងមិនមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ឡើយ។

ឯកឧត្តម បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ធំ បន្តយកចិត្តទុកដាក់លើការងារ ខិតខំលើកកម្ពស់សមត្ថភាព និងស្ថាប័នដែលមានកំណត់ជាទិសដៅរួមនៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល បំពេញការងារប្រកបដោយចក្ខុវិស័យមានផែនការការងារច្បាស់លាស់ រៀបចំកិច្ចការងារប្រចាំថ្ងៃឲ្យក្លាយជាការងារចរន្ត មានគណនេយ្យភាពចំពោះមុខងារតួនាទីភារកិច្ចរបស់ខ្លួន ពង្រឹងការអនុវត្តការងារស្របតាមគោលការណ៍ច្បាប់ និងនីតិវិធីដែលបានកំណត់ បង្កលក្ខណៈឲ្យមន្រ្តីមានលទ្ធភាពស្វ័យសិក្សារៀនសូត្រដោយខ្លួនឯងចែករំលែកចំណេះដឹង និងបទពិសោធន៏ទៅវិញទៅមក។
ក្នុងឱកាសនោះឯកឧត្តមបានប្រគល់ជូននូវឯកសារច្បាប់មួយចំនួនជូនដល់ពន្ធនាគារសម្រាប់សិក្សាស្រាវជ្រាវផងដែរ ៕