រដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ ចំណុះសាលាខេត្ត និងមន្រ្តីសាលាខេត្ត​ ជាច្រើនរូបផងដែរ។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា លោក លោកស្រីដែលបាន ប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងសម្រាប់តួនាទីថ្មី ត្រូវខិតខំរួមគ្នាដើម្បីបន្តពង្រឹង ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា គ្រប់មន្រ្តីដែលស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ត្រូវរៀបចំដាក់ចេញនូវផែនការសកម្មភាពការងារតាមទីចាត់ការ អង្គភាព ផ្នែកនិងការិយាល័យនីមួយៗ ដើម្បីរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការឆ្លើយតាមទៅនឹងគោលបំណង គោលដៅយុទ្ធសាស្ត្រ នៃកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម និងដ៏ពិសិដ្ឋនៃកម្ពុជា។ ជាពិសេស គឺការគោរពប្រតិបត្តិតាមអភិក្រមរបស់សម្តេចតេជោឲ្យបានខ្ជាប់ខ្ជួន ដែលរួមមាន “ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និង វះកាត់”។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត ជំរុញដល់មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងតួនាទីភាកិច្ចរបស់ខ្លួន និងត្រូវបង្កើនកិច្ចសហការល្អរវាងទីចាត់ការ អង្គភាព និង ផ្នែកជំនាញនីមួយៗឲ្យបានល្អប្រសើរក្នុង ការបំពេញភារកិច្ចដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តគោលការណ៍ច្បាស់លាស់ និងភាពម្ចាស់ការ ព្រមទាំង ត្រូវយកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព ៕