ព័ត៌មានក្នុងប្រទេស

នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនផ្ញើលិខិតទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងគោលបំណងដើម្បីស្តារទំនាក់ទំនង

Channel News Asia: យោងតាមការលើកឡើងរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទ (២១ កញ្ញា) ម្សិលមិញនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក Yoshihide Suga បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ដោយក្នុងខ្លឹមសារនៃលិខិតនោះ លោកបានបង្ហាញក្តីសង្ឃឹមក្នុងការស្តារទំនាក់ទំនងឲ្យមានភាពប្រសើរ ក្នុងគ្រាដែលរវាងភាគីទាំង២កំពុងស្ថិតភាពតានតឹងជុំវិញជម្លោះប្រវត្តិសាស្រ្តនិងពាណិជ្ជកម្ម។

សូមជម្រាបថា ការមើលមុខគ្នាមិនចំរវាងប្រទេសជិតខាងទាំង០២ខាងលើនេះ គឺមានការពាក់ព័ន្ធទៅនឹងប្រវត្តិសាស្រ្តក្នុងជំនាន់ដែលប្រទេសជប៉ុនដាក់អាណានិគមនិយមលើឧបទ្វីបកូរ៉េចាប់ពីឆ្នាំ ១៩១០ ដល់ ១៩៤៥ ដោយក្នុងនោះរួមមានដូចជាសំណុំរឿងបង្ខិតបង្ខំឱ្យពលករកូរ៉េធ្វើការឲ្យក្រុមហ៊ុនជប៉ុននិងការធ្វើបាបស្ត្រីកូរ៉េក្នុងផ្ទះបនរបស់យោធាជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ ជាដើម។

លើសពីនេះទៅទៀត កាលពីឆ្នាំ ២០១៨ ចំណងទាក់ទងរវាងប្រទេសទាំង០២នេះ ក៏បានធ្លាក់ដុនដាបកាន់តែយ៉ាប់យឺនថែមទៀត ក្រោយតុលាការកំពូលកូរ៉េខាងត្បូងបានបញ្ជាឱ្យក្រុមហ៊ុនផលិតដែកថែបរបស់ជប៉ុនបង់ថ្លៃសំណងសម្រាប់កម្លាំងពលកម្មប្រជាជនកូរ៉េកាលពីសម័យសង្រ្គាមលោកលើកទី ២ ហើយការសម្រេចនេះ បានជម្រុញឱ្យទីក្រុងតូក្យូចាត់វិធានការឆ្លើយតបដោយដាក់បំរាមលើការនាំចេញវត្ថុធាតុដើមសម្រាប់បច្ចេកវិទ្យាឈានមុខសំខាន់ៗមួយចំនួនទៅកាន់កូរ៉េខាងត្បូង។

ថ្លែងទៅកាន់សន្និសិទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ (ទី២១ កញ្ញា) ដើមសប្តាហ៍ម្សិលមិញនេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Kang Min-seok បានរៀបរាប់ថា “ក្នុងលិខិតមួយដែលបានផ្ញើទៅកាន់លោក Moon កាលពីថ្ងៃសៅរ៍កន្លងទៅ លោក Suga បានធ្វើការគូសបញ្ជាក់ពីតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង០២”។

លោក Kang បានបន្តថា “លោកនាយករដ្ឋមន្រ្តី Suga បានមានប្រសាសន៍ថា លោកសង្ឃឹមថាប្រទេសទាំងពីរនឹងជម្នះបញ្ហាលំបាកហើយកសាងទំនាក់ទំនងដ៏ល្អប្រសើរជាមួយគ្នាក្នុងពេលខាងមុខ”។

គួរគូសបញ្ជាក់ជូនផងដែរថា កាលពីសប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon បានផ្ញើលិខិតអបអរសាទរទៅកាន់នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនលោក Suga ដោយលើកឡើងថាលោកមានឆន្ទៈចង់អង្គុយចុះនិងពិភាក្សាគ្រប់ពេលវេលាដើម្បីស្តារទំនាក់ទំនងរវាងភាគីប្រទេសជិតខាងទាំង០២ឲ្យឈានទៅរកភាពល្អប្រសើរឡើងនិងថែមទាំងជម្រុញទំនាក់ទំនងការទូត សេដ្ឋកិច្ច និងការផ្លាស់ប្តូរប្រជាជនរវាងគ្នាផងដែរ៕