រដ្ឋបាលរាជធានី-ខេត្ត

ប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំកម្លាំងចំរុះបារកំប្លោកនៅក្នុងស្ទឹងភ្នៀត ដើម្បីសម្អាតកន្លែងអភិរក្សត្រីចំរុះ

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដឹកនាំកម្លាំងចម្រុះមានដូចជា កំលាំអង្គភាពអាវុធហត្ថ កម្លាំងស្នងការនគរបាលខេត្ត កម្លាំងកងពល ៥១ កម្លាំងសឹករងខេត្តនិងរដ្ឋបាលក្រុងស្រីសោភ័ណសរុបចំនួន ជាង២០០នាក់ បានចុះរុញច្រាន និងបារកំប្លោកដែលស្អុយរលួយ និងកកស្ទះធ្វើឲ្យត្រីមួយចំនួនធំចេញពីទីតាំងអន្លង់អភិរក្សស្ទឹងវត្តសេនាប្រជុំពលភ្មៀត ហៅវត្តភ្នៀត ស្ថិតក្នុងភូមិភ្នៀត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ៖ ថ្ងៃនេះឯកឧត្តមបានដឹកនាំកម្លាំងចម្រុះបំណងចុះបារកំប្លោក សម្អាតបរិស្ថានក្នុងស្ទឹង យកទឹកសម្រាប់ឲ្យប្រជាជនប្រើប្រាស់ក្នុងភូមិភ្នៀត ពិសេសគឺសម្អាតកន្លែងអភិរក្សត្រីដែលមានច្រើនប្រភេទស្មើររាប់តោនដែលរដ្ឋបាលខេត្តអភិរក្សកន្លងមកក្នុងវត្តភ្នៀតនេះដែលមានប្រវែង ២០០ម៉ែត្រ តាមបណ្ដោយស្ទឹងសិរីសោភ័ណមានរយះពេលពេញ១ថ្ងៃនេះតែម្តង។

ឯកឧត្តមបានបញ្ជាក់ឲ្យដឹងបន្តថា ៖ កន្លែងអភិរក្សត្រីកន្លងមកទឹកស្រកខ្លាំងធ្វើឲ្យត្រីពុល ពេលទឹកឡើងពេញស្ទឹងកំប្លោកហូរមកពីគ្រប់ទិសបណ្ដាលឲ្យកកស្ទះពេញក្នុងតំបន់អភិរក្សត្រីដ៏សំខាន់នេះ មិនអាចចេញទៅណាបានបណ្ដាលឲ្យពុលក្នុងទឹកតែម្តង ដើម្បីសង្រ្គោះត្រីពូជុំកុំឲ្យងាប់ទើបឯកឧត្តមបានដឹកនាំកម្លាំងចម្រុះចុះបារកំប្លោកនេះឡើង។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ ទន្ទឹមនិងធ្វើកិច្ចការងារការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើកិច្ចការងារសង្គមឲ្យបានច្រើនផងដែរ ក្នុងនោះលោកក៏បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្រោយពីបារកំប្លោកបានស្អាតហើយសូមចូលរួមថែរក្សាអនាម័យ សម្អាតបរិស្ថានទីនេះឲ្យបានស្អាត ជៀសវាងការចោលកាកសំណល់រាយប៉ាយចូលស្ទឹងដែលនាំឲ្យខូចបរិស្ថានក្នុងស្ទឹងសិរីសោភ័ណនេះជាដើម ៕