ព័ត៌មានអន្តរជាតិ

ប្រធានអង្គការសហប្រជាជាតិលើកឡើងថា ដល់ពេលហើយដែលប្រទេសនានាត្រូវរៀបចំផែនការជាតិដើម្បីជម្រុញដំណើរការផលិតវ៉ាក់សាំងព្យាបាលជម្ងឺកូវីដ-១៩

Reuters: យោងតាមការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធ (ទី៣០ កញ្ញា) ម្សិលមិញនេះបានឲ្យដឹងថា “ដល់ពេលដែលប្រទេសនានាត្រូវចាប់ផ្តើមប្រើប្រាស់មូលនិធិក្នុងផែនការស្តារប្រទេសរបស់ខ្លួននិងរៀបចំមូលនិធិស្រាប់ឆ្លើយតបទៅនឹងផែនការផលិតវ៉ាក់សាំងដែលដឹកនាំដោយអង្គការសុខភាពពិភពលោក”។

សូមជម្រាបថា គិតមកទល់ពេលនេះ កម្មវិធី The Access to COVID-19 Tools និងក្រុមការងារ COVAX របស់អង្គការសុខភាពពិភពលោកបានទទួលមូនិធិចំនួន ៣ ពាន់លានដុល្លារហើយ។ យ៉ាងណាមិញ ផែនការបង្កើតវ៉ាក់សាំងខាងលើនេះ ត្រូវការមូលនិធិចំនួន ៣៥ ពាន់លានដុល្លារបន្ថែមទៀតឯណោះ។

គួរឲ្យដឹងថា ផែនការខាងលើនេះ មានគោលបំណងផ្តល់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ចំនួន ២ ពាន់លានដបនៅដំណាច់ឆ្នាំ២០២១ ព្រមជាមួយនឹងការព្យាបាលសម្រាប់អ្នកជម្ងឺ ២៤៥ លាននាក់និងផ្តល់ការធ្វើតេស្តចំនួន ៥០០ លានផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ខ្ពស់ដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធបច្ចេកវិទ្យា លោក Guterres បានមានប្រសាសន៍ថា “ការពន្លឿនកម្មវិធី The Access to COVID-19 Tools គឺជាមធ្យោបាយដែលមានសុវត្ថិភាពនិងច្បាស់លាស់តែមួយគត់ដើម្បីឈានទៅបើកសេដ្ឋកិច្ចសកលឡើងវិញឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ កិច្ចខិតខំប្រឹងប្រែងបង្កើតវ៉ាក់សាំងដោយក្រុមប្រទេសមួយចំនួនតូច នឹងមិនអាចរកបើកទ្វារសេដ្ឋកិច្ចពិភពលោកនិងស្តារជីវភាពរស់នៅឲ្យល្អប្រសើរឡើងវិញនោះទេ”។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab ដែលជាសហប្រធាននៃកិច្ចប្រជុំខាងលើ ក៏បានជម្រុញឱ្យប្រទេសដទៃទៀតចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលខាងលើ ដោយលោកបានគូសបញ្ជាក់ថា “ការពន្លឿនកម្មវិធី The Access to COVID-19 Tools គឺជាក្តីសង្ឃឹមដើម្បីគ្រប់គ្រងជម្ងឺរាតត្បាតសកលមួយនេះ”។

ក្នុងកិច្ចប្រជុំខាងលើ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានលើកឡើងថា “គិតមកទល់ពេលនេះ មានប្រទេសចំនួន ១៦៧ ហើយបានចូលរួមនៅក្នុងក្រុមការងារស្រាវជ្រាវវ៉ាក់សាំងជាសកល ហើយប្រជាជនសរុបរបស់ប្រទេសទាំងនេះ គឺស្មើនឹង ៧០ ភាគរយនៃចំនួនប្រជាជនពិភពលោកសរុប ហើយចំនួនក៏បាននឹងកំពុងកើនឡើងជារៀងរាល់ថ្ងៃផងដែរ”។

យ៉ាងណាមិញ លោក Tedros បានកត់សម្គាល់ថា “មកទល់ពេលនេះដូចគ្នា មានមនុស្សមួយលាននាក់ហើយត្រូវបានបញ្ជាក់ថាបានបាត់បង់ជីវិតដោយសារជម្ងឺកូវីដ-១៩ ប៉ុន្តែចំនួនពិតប្រាកដគឺខ្ពស់ជាងនេះ”

ក្នុងឱកាសដដែលនេះ លោក Guterres បានគូសបញ្ជាក់បន្ថែមថា “ប្រទេសអភិវឌ្ឍន៍មួយចំនួន បានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសង្គមដោយសារវិបត្តិជម្ងឺរាតត្បាតនេះ ដូច្នេះពួកគេប្រាកដជាអាចវិនិយោគផ្នែកតូចមួយនៃកិច្ចខិតខំប្រឹងប្រែងទាំងនោះ ដើម្បីចូលរួមបញ្ឈប់ជម្ងឺរាតត្បាតនេះឲ្យបានគ្រប់ទីកន្លែង“។

លើសពីនេះ ថ្លែងទៅកាន់អង្គការសហប្រជាជាតិក្នុងកិច្ចប្រជុំខាងលើ មហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីល្បាញលោក Bill Gates បានលើកឡើងថា “មូលនិធិ Bill & Melinda Gates របស់លោក បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថចំនួន ១៦ រួចរាល់ហើយ”។

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា “ក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំងនោះ ពួកគេបានប្តេជ្ញាថានឹងបង្កើនការផលិតរបស់ខ្លួនក្នុងល្បឿនមិនធ្លាប់មានពីមុនមកនិងធានាឲ្យថាវ៉ាក់សាំងនឹងអាចត្រូវបានឈានដល់ការអនុម័តឲ្យចែកចាយជាសកលឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន”៕