ព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការ

កិច្ចប្រជុំស្ដីពី «យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តបន្ត»

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី «យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តបន្ត»។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួង ស្ថាប័ន ចំនួន ១១ ដែលជាអនុប្រធាន និងសមាជិក គ.ប.ផ.ក រួមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃ គ.ប.ផ.ក បានអានរបាយការណ៍សកម្មភាព និងទិសដៅអនុវត្តបន្ត ដោយសង្ខេប រយៈពេល ០៩ខែ ឆ្នាំ២០២០ របស់ គ.ប.ផ.ក ដែលបានអនុវត្តកន្លងមក។ ជាកិច្ចបន្ត ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានមានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ និងដឹកនាំពិភាក្សារលើប្រធានបទ ៖

១. យន្តការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឲ្យបានជោគជ័យ មានប្រសិទ្ធិភាព និងទិសដៅអនុវត្តបន្ត
២. ការងារផ្នែកច្បាប់ លិខិតបទដ្ឋានគតិយុត្តិដើម្បីធានាដល់ការអនុវត្ត និងបញ្ហាផ្សេងៗ ។

ក្នុងកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីជំហរ របស់ គ.ប.ផ.ក គឺធ្វើដើម្បីការធានា និងការពារសុខុមាលភាពប្រជាពលរដ្ឋ ជាចម្បង ដោយ ជំរុញការងារផ្សព្វផ្សាយអប់រំបង្កា និងទប់ស្កាត់ ការអនុវត្តកិច្ចប្រតិបត្តិការបង្រ្កាប និងកិច្ចសហប្រតិបត្តិការ សម្របសម្រួលជាមួយ បណ្តាអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលករណីនេះមិនមែនជាសមត្ថកិច្ចផ្តាច់មុខ របស់ក្រសួង ឬស្ថាប័នណាមួយតែឯកឯងនោះទ្បើយ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តលើកទ្បើងថា ទោះបីជាបច្ចុប្បន្ននេះ ការងារប្រយុទ្ធប្រឆាំងបទល្មើសផលិតផលក្លែងក្លាយ ទទួលបានជោគជ័យយ៉ាងណាក៏ដោយ ក៏បទល្មើសនេះកំពុងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ និងស្ទើតែគ្រប់ទីកន្លែង ហើយត្រូវបានសកលលោកចាត់ទុកជាបទល្មើសឧក្រិដ្ឋឆ្លងដែនដែលមានលក្ខណៈជាអង្គការចាត់តាំង ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានដឹកនាំអង្គប្រជុំពិភាក្សា ដើម្បីប្រមូលធាតុចូលផ្សេងៗ ដែលតំណាងអន្តរក្រសួង ស្ថាប័ននានា និងមន្រ្តីជំនាញចួលរួមជាមតិយោបល់ ដើម្បីបញ្ចូលក្នុងយន្តការអនុវត្ត ទិសដៅបន្ត និងបញ្ចូលក្នុងការងារផែនការសកម្មភាព ៥ ឆ្នាំ គឺផែនការ ២០២០ ដល់ ២០២៥ របស់ គ.ប.ផ.ក ៕