ព័ត៌មានក្នុងប្រទេស

លោកស្រី​ រស់​ ផល្លា​ និងកញ្ញា​ ដួង​ ម៉ានិច​ ​​នាំយកអំណោយ​ “មូលនិធិ​នៃ ក្ដីស្រលាញ់​​” ចែកជូនពលរដ្ឋ​រងគ្រោះដោយសារទឹកជំនន់​ ១៥៨គ្រួសារ​ នៅស្រុកមង្គលបូរី​​ និងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ​ ៖​ ដេីម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងតែទទួលរងគ្រោះដោយសារតែទឹកជំនន់នៅក្នុងស្រុកមង្គលបូរី​ “​ មូលនិធិនៃ ក្ដីស្រលាញ់​ “​ ដឹកនាំដោយលោកស្រី រស់​ ផល្លា​ (ហៅម៉ាក់យាយ)​ កញ្ញា​ ដួង​ ម៉ានិច​ តារាសម្តែងដ៏មានប្រជាប្រិយភាព​ ដែលមានកំណេីតជាអ្នកស្រុកមង្គលបូរី​ រួមជាមួយនឹង​ក្រុមការងារ​ បានរៀបចំចែកអំណោយសង្គ្រោះបន្ទាន់ជូន​ពលរដ្ឋរងគ្រោះចំនួន១៥៨គ្រួសារ​ (ឃុំបន្ទាយនាង២៤​ គ្រួសារ​,​ ឃុំគោកបល្ល័ង្គ ៤១គ្រួសារ,​ ឃុំភ្នំតូច​ ៧០គ្រួសារ​) និង១៥គ្រួសារ ក្នុងក្រុងសិរីសោភ័ណ ទុរគតជន៨គ្រួសារបន្ថែមទៀត។

ការនាំយកអំណោយចែកជូនដល់ពលរដ្ឋរងគ្រោះខាងលេីនេះធ្វេីឡេីងកាលពីពេលកន្លងទៅ​ ដែលមានការចូលរួមពីថ្នាក់ដឹកនាំស្រុក​ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ អាជ្ញាធរ​មូលដ្ឋាន​បានចូលរួមផងដែរ។

នាឱកាសនោះដែរ​កញ្ញា​ ដួង​ ម៉ានិច​ និងក្រុមការងារ​បានថ្លែងនូវការចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយធម្មជាតិទឹកជំនន់​ កេីតមានឡេីងនៅឆ្នាំ២០២០នេះ​ ដែលបានធ្វេីឲ្យផ្ទះសំបែងរបស់បងប្អូនពលរដ្ឋរងផលប៉ះពាល់ជាច្រេីន ក្នុងនាមជាអ្នកសិល្បៈមួយរូប​ កញ្ញា​បានធ្វេីការបួងសួងដល់វត្ថុស័ក្តិសិទ្ឋក្នុងលោកជួយថែរក្សាបងប្អូនពលរដ្ឋ​ ឲ្យជៀសផុតពីគ្រោះធម្មជាតិនាពេលឆាប់ៗខាងមុខនេះ​ ជាមួយនឹងទឹកចិត្តសប្បុរសធម៌នេះដែរ​ លោកស្រី​ រស់​ ផល្លា​ កញ្ញា​ ដួង​ ម៉ានិច​ និងក្រុមការងារ​ ក៏បានបន្តចុះពិនិត្យមេីលជាក់ស្តែងពីទិដ្ឋភាពទីតាំងភូមិសាស្រ្តក្នុងស្រុកមង្គលបូរី​ និងបាននាំយកអំណោយចែកជូនដល់បងប្អូនតាមខ្នងផ្ទះ​ ដែលនៅតំបន់ដាច់ស្រយ៉ាល​ ព្រមទាំងបានណែនាំដល់បងប្អូនត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗកុំធ្វេសប្រហែសបណ្តែតបណ្តោយឲ្យក្មេងលេងទឹកក្រែងកេីតមានករណីលង់ទឹក និងត្រូវប្រុងប្រយ័ត្ន​ជានិច្ចចំពោះសត្វអសិរពិស​ជាដេីម។

ទន្ទឹមនឹងនោះកញ្ញា​ ដួង​ ម៉ានិច​ ក៏បានថ្លែងនូវអំណរគុណចំពោះក្រុមការងារ​ ក៏ដូចជាសប្បុរសជន​ ដែលបាននាំយកចំណាយជាថវិកា​ និងសម្ភារៈ​ ចូលរួមចំណែកជួយដល់ពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់​ ថែមទាំងបានចូលរួមទាំងកម្លាំងកាយ​ចិត្ត​ក្នុងការចំណាយពេលវេលាចុះចែកអំណោយដោយផ្ទាល់​មិនគិតពីភាពនឿយហត់ ហេីយកញ្ញាក៏បានបញ្ជាក់ទៀតថា​ សម្រាប់កម្មវិធីមនុស្សធម៌នេះ​ គឺមិនមែនធ្វេីតែនៅពេលនេះទេ​ គឺធ្វេីជារៀងរហូតក្នុងការជួយដល់ពលរដ្ឋទីទល់ក្រ​ គ្មានទីពឹងជាដេីម។

គួរបញ្ជាក់ថា​ ៖​ សម្រាប់អំណោយក្នុងមួយគ្រួសារទទួលបាន​ អង្ករ​២០គីឡូក្រាម​, មី១កេះ,​ ទឹកត្រី-ទឹកស៊ីអ៊ីវ​២យួរ,​ ត្រីខ១យួរ,​ ទឹកសុទ្ធ​៣យួរ​ និងថវិកា១ម៉ឺនរៀល​ ក្នុងនាមក្រុមការងារ​ “មូលនិធិនៃ ក្ដីស្រលាញ់​ “​ ក៏បាននាំយកថវិកា​ ជូនជនពិការ​ និងទុរគត់ជន​ ចាស់ជរា៨គ្រួសារ​ ក្នុងមួយគ្រួសារទទួលបានថវិកា២៥ម៉ឺនរៀល​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួ​នទៀត​ផងដែរ​៕