ព័ត៌មានអន្តរជាតិ

ករណីឆ្លងនិងស្លាប់ដោយសារវីរុស Covid-19 នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់

យោងតាមការចេញផ្សាយដោយគេហទំព័រ Worldometer នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ វីរុស Covid-19 បានសម្លាប់ជីវិតមនុស្សប្រមាណជិត ១ម៉ឺននាក់ ក្នុងមួយថ្ងៃ ពោលគឹ ៩,៥៩៣នាក់ ហើយជាមួយគ្នានេះ វីរុសដ៏កាចសាហាវខាងលើ បានឆ្លងទៅកាន់មនុស្សថ្មីចំនួន ៦៣៨,៤៥៤ នាក់នៅទូទាំងពិភពលោក។

សូមជម្រាបថា គិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ សហរដ្ឋអាមេរិកនៅតែបន្តជាប់ឈ្មោះជាប្រទេសដែលមានមនុស្សស្លាប់និងឆ្លងវីរុស Covid-19 ប្រចាំថ្ងៃច្រើនជាងគេបំផុតក្នុងពិភពលោកដដែល ដោយក្នុងនោះមានអ្នកស្លាប់ថ្មីចំនួន ១,១១៧នាក់ និងមានអ្នកឆ្លងចំនួន ១៥៧,៣៤៣នាក់ត្រូវបានរកឃើញបន្ថែមទៀត។

គួរបញ្ជាក់ជូនថា កំណើនអ្នកឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៣,០៦៩,៩៣០នាក់ និងមានអ្នកស្លាប់សរុបបានកើនឡើងដល់ ១,២៩៨,៥២៣នាក់ហើយ ខណៈដែលអ្នកដែលជាសះស្បើយសរុប បានកើនឡើងដល់ ៣៧,១៨៦,៦៨៥នាក់៕