បច្ចេកវិទ្យា

Apple បញ្ចេញកាសក្តោបត្រចៀកឥតខ្សែដំបូងដែលភ្ជាប់មកជាមួយមុខងារទប់សម្លេងរំខាននិងអាចកាន់ថ្មបានរហូតដល់ 20 ម៉ោង

Apple៖ ក្រោយពីការទន្ទឹងរងចាំអស់រយៈពេលជាយូរមក ទីបំផុត Apple បានប្រកាសបញ្ចេញកាសក្តោបត្រចៀកឥតខ្សែ ជំនាន់ដំបូងបង្អស់របស់ខ្លួនហើយ ដោយវាត្រូវបានដាក់ឈ្មោះថា AirPods Max ដែលខុសពីឈ្មោះដែលសេចក្តីរាយការណ៍មុនៗបានហៅថា AirPods Studio ហើយវាមានតម្លៃដើមប្រហែល 549 ដុល្លារ។

សម្រាប់លក្ខណៈពិសេសដែលអ្នកប្រើប្រាស់នឹងទទួលបានពីកាសនេះ រួមមានដូចជាមុខងារទប់សម្លេងរំខាន (Active Noise Cancellation) និងមុខងារ Spatial Audio ដែលធ្វើឲ្យការបញ្ចេញសម្លេងជុំវិញហាក់ដូចនៅរោងកុនជាដើម។

កាសក្តោបត្រចៀកឥតខ្សែ AirPods Max របស់ Apple ខាងលើ ត្រូវបានរចនាមកជាមួយរចនាបថបែបសាមញ្ញ, មានរាងមូល និងមិនមានភ្ជាប់រូប Logo របស់ Apple មកជាមួយនោះទេ។ កាសនេះមានជម្រើសពណ៌ចំនួន 5 ដែលមានដូចជា ពណ៌ទឹកប្រាក់, ពណ៌ប្រផេះក្រម៉ៅ, ពណ៌បៃតង, ពណ៌ផ្កាឈូក និងពណ៌ខៀវ។

ដោយសារតែវាប្រើប្រាស់ឈីបប្រភេទ H1 និងមាន Software កាន់តែល្អប្រសើរថែមទៀត នោះ Apple ក៏បានអះអាងផងដែរថា វាជួយធ្វើឲ្យមុខងារទប់សម្លេងរំខាន (ANC), មុខងារ Adaptive EQ ដែលកំណត់កម្រិតប្រេកង់ដោយស្វ័យប្រវត្តិ, មុខងារ Transparency mode ទុកសម្រាប់ស្ដាប់សម្លេងជុំវិញនៅពេលត្រូវការជាចាំបាច់ និងមុខងារ Spatial Audio ដែលមាននៅលើ AirPods Max នេះ អាចដំណើរការកាន់តែរលូន។

លើសពីនេះ ក្រុមហ៊ុន Apple ក៏បានប្រើប្រាស់ដុំ Driver សម្លេង ដែលត្រូវបានផលិតដោយខ្លួនឯងផ្ទាល់ក្នុងកាសជំនាន់ថ្មីនេះថែមទៀតផង ហើយក្រុមហ៊ុននេះក៏បានធានាដែរថាកាសនេះអាចកាន់ថ្មបានរហូតដល់ទៅ 20 ម៉ោង ជាមួយនឹងការបើកព្រមគ្នានូវមុខងារទប់សម្លេងរំខាន (ANC) និងមុខងារ Spatial Audio។

ជាងនេះទៅទៀត ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ផងដែរថា ការសាកថ្មរយៈពេល 5 នាទី អាចទទួលបានថាមពលសម្រាប់ប្រើប្រាស់រយៈពេល 1 ម៉ោងកន្លះ ហើយប្រសិនបើអ្នកប្រើប្រាស់ចង់ស្ដាប់តាមរយៈខ្សែវិញ នោះពួកគេនឹងត្រូវរកជាវខ្សែប្រភេទ Lightning តទៅក្បាលកាស 3.5mm ប្រវែងវែង 1.2m ខាងក្រៅបន្ថែមទៀត ដែល Apple ដាក់លក់ក្នុងតម្លៃខ្ទង់ 35 ដុល្លារ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន៕