បច្ចេកវិទ្យា

មកដឹងពីបច្ចេកវិទ្យាដែលនៅពីក្រោយការផលិតវ៉ាក់សាំងកូវីដ-១៩

VOANEWS៖ ជាធម្មតា ដំណើរការផលិតវ៉ាក់សាំងនីមួយៗ ត្រូវការពេលវេលាច្រើនឆ្នាំណាស់សម្រាប់ការស្រាវជ្រាវនិងការសាកល្បង។ យ៉ាងណាមិញ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រមានសង្ឃឹមថាបច្ចេកវិទ្យាដែលមានឈ្មោះថា messenger RNAmRNA អាចជួយសម្រេចការងារផលិតវ៉ាក់សាំងកូវីដ-១៩ដែលមានសុវត្ថិភាពនិងមានប្រសិទ្ធភាពនៅត្រឹមដំណាច់ឆ្នាំ២០២០នេះ។

តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មកទល់ពេលនេះ មានបេក្ខភាពវ៉ាក់សាំងកូវីដ-១៩ចំនួន ១១ មកពីជុំវិញពិភពលោក បាននឹងកំពុងស្ថិតក្នុងដំណាក់កាលទី៣នៃការសាកល្បង។

ជាក់ស្តែង ក្នុងចំណោមវ៉ាក់សាំងដែលទទួលបានជោគជ័យបំផុតក្នុងដំណាក់កាលសាកល្បងនេះ មានវ៉ាក់សាំងចំនួន០២ប្រភេទបានប្រើបច្ចេកវិទ្យា mRNA ហើយវ៉ាក់សាំងពិសោធន៏ទាំង០២នោះ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុនឪសថអាមេរិចឈ្មោះ Moderna និង Pfizer ខណៈដែលក្រុមហ៊ុន Pfizer ចាប់ដៃគូជាមួយក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ BioNTech លើគម្រោងផលិតវ៉ាក់សាំងនេះ។

មជ្ឈមណ្ឌលសម្រាប់ការត្រួតពិនិត្យនិងការពារជម្ងឺរបស់សហរដ្ឋអាមេរិកមានលើកឡើងថា ជាទូទៅ វ៉ាក់សាំងតែងតែមានផ្ទុកវីរុសអសកម្ម ឬវីរុសខ្សោយ ហើយក្រោយពេលដែលចាក់ចូលក្នុងរាងកាយមនុស្ស វានឹងបង្ខំឱ្យរាងកាយយើងផលិតអង្គបដិប្រាណដែលនឹងប្រឆាំងជាមួយវីរុសកាចសាហាវ។ យ៉ាងណាមិញ សម្រាប់វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer- BioNTech ដែលត្រូវបាន​ផលិត​ដោយប្រើប្រាស់​បច្ចេកវិទ្យា mRNA ខាងលើនេះ វាមិនតម្រូវ​ឲ្យវ៉ាក់សាំង​មាន​ផ្ទុក​វីរុសណាមួយនោះទេ គឺអ្នកវិទ្យាសាស្ត្របានបង្កើតជារូបធាតុហ្សែន ដែល​អាច​បញ្ជា​ឲ្យ​ខ្លួន​ប្រាណ​មនុស្ស​​ផលិត​នូវអង្គបដិប្រាណដែលមានសមត្ថភាពអាចសម្គាល់ និង​កម្ចាត់វីរុសកូរ៉ូណាបាន។

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា mRNA នេះ ត្រូវបានអ្នកវិទ្យាសាស្រ្តស្រាវជ្រាវអស់រយៈពេលជាង ៣០ឆ្នាំ មកហើយ។ ទោះជាយ៉ាងណាក្តី គិតមកទល់ពេលនេះ មិនទាន់មានផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ណាមួយត្រូវបានគេអនុញ្ញាតឱ្យប្រើសម្រាប់ព្យាបាលមនុស្សនៅឡើយទេ៕