ព័ត៌មានអន្តរជាតិ

ហ្វីលីពីនទទួលបានវ៉ាក់សាំង Sinovac របស់ចិនជាលើកដំបូងក្រោយការពន្យារពេល

CNA ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី២៨ កុម្ភៈម្សិលមិញនេះ ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង Sinovac របស់ចិនជាលើកដំបូងហើយក្រោយការពន្យារពេលអស់ប៉ុន្មានសប្តាហ៍។

យន្តហោះដឹកជញ្ជូនរបស់យោធាចិនដែលផ្ទុកវ៉ាក់សាំងចំនួន ៦០០.០០០ ដូសដែលផ្តល់ឲ្យដោយរដ្ឋាភិបាលចិន បានទៅដល់មូលដ្ឋានទ័ពអាកាសមួយនៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនកាលពីរសៀលថ្ងៃអាទិត្យ ហើយព្រឹត្តិការណ៍នេះ ក៏ត្រូវបានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍រដ្ឋផងដែរ។

ក្នុងឱកាសខាងលើនេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) និងមន្រ្តីកំពូលៗក្នុងខុទ្ទកាល័យរបស់លោក បានបង្ហាញការស្វាគមន៍នៃការមកដល់របស់វ៉ាក់សាំងនេះ ដោយវានឹងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងប្រទេសហ្វីលីពីន។

សូមជម្រាបថា យុទ្ធនាការចាក់ថ្នាំបង្ការជាលើកដំបូងសម្រាប់បុគ្គលិកសុខាភិបាល និងមន្ត្រីនានាដែលដឹកនាំដោយលេខាធិការសុខភាពរបស់ប្រទេសហ្វីលីពីន ត្រូវបានគេគ្រោងនឹងចាប់ផ្តើមនៅមន្ទីរពេទ្យចំនួន ០៦ ក្នុងទីក្រុងម៉ានីលនៅថ្ងៃច័ន្ទនេះ។

គួរឲ្យដឹងថា គិតមកទល់ពេលនេះ ជំងឺកូវីដ-១៩បានផ្ដាច់ជីវិតប្រជាជនហ្វីលីពីនចំនួន ១២,៣១៨នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៥៧៦,៣៥២នាក់៕