រដ្ឋបាលរាជធានី-ខេត្ត

កសិករម្នាក់​រារាំងបង្កឲ្យស្ទះការជីកកាយប្រឡាយនាំទឹកនៅអាងត្រពាំងថ្មដែលក្បត់នឹងកិច្ចសន្យា ដែលកសិករភាគច្រើនគេបានយល់ព្រមដើម្បីបានជាប្រព័ន្ធទឹកស្រោចស្រពដំណាំស្រូវ ដំណាំផ្សេងៗ និងដឹកកសិផលផង

បន្ទាយមានជ័យ៖ កសិករភាគច្រើនស្នើសុំដំណោះស្រាយពីអាជ្ញាធរដែនដីនិងជំនាញធនធានទឹកនិងឧតុនិយម ​លើករណីកសិករម្នាក់បង្កឲ្យរាំងស្ទះការ ជីកកាយប្រឡាយនាំទឹកឬប្រឡាយជើងក្អែបដែលជាប្រឡាយចាស់នៅប្របនឹងទំនប់អាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្មកណ្តាល​ ឃុំប៉ោយចារ  ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រឡាយនាំទឹកពីកើតទៅលិចនេះមានទទឹង៥ម៉ែត្រ បណ្តោយ៣.២០០ម៉ែត្រ ដែលត្រូវតភ្ជាប់ពីប្រឡាយមេនៃស្ពានទី១ ដល់ប្រឡាយមេនៃស្ពានទី២ របស់ប្រព័ន្ធស្រោចស្រពអាងទឹកត្រពាំងថ្ម  ។ មកទល់ពេលនេះ  ដំណើរនៃការជីកបានជាង៩០០ម៉ែត្រហើយ ។

កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរបានកោះហៅក្រុមកសិកររាប់សិននាក់ទៅចូលរួមប្រជុំសម្របសម្រួលរកដំណោះស្រាយមួយករណីជីកប្រឡាយនាំទឹក នៅសាលាស្រុកភ្នំស្រុក ។  ដែលមានលោក យឹម សំណាង អភិបាលស្រុក លោក សុក រិទ្ធី អភិបាលរងបានដឹកនាំកិច្ចប្រជុំនោះ និងក៏មានកសិករឈ្មោះ សាន មឿន  ដែលជាភាគីជំទាស់់ការជីកប្រឡាយ  ព្រមទាំងលោក ឃុត ឃួន មេ​ឃុំប៉ោយចារនិងមន្ត្រីពាក់ព័ន្ធបានចូលរួមផងដែរ ។

កិច្ចប្រជុំនេះដែរ គឺបន្ទាប់ពីកសិករចំនួន៤ភូមិនៃឃុំប៉ោយយចារដែលមានដីស្រែនៅទីតាំងខាងលើស្នើសុំជីកប្រឡាយនាំទឺក​សម្រាប់​​ស្រោចស្រពស្រូវផងនិងសម្រាប់ដឹកកសិផលផងនៅទីតាំងខាងលើ ។កសិករ ក៏ជាសមាជិកសហគមន៍ប្រើប្រាស់ទឹកអាងត្រពាំងថ្មទាំងនេះ  បានសម្របសម្រួលនឹងម្ចាស់ដីស្រែនៅទីនោះ ដោយជួលគ្រឿងចក្រជីកប្រឡាយដើមទីមានទទឹង៥ម៉ែត្រ បណ្តោយបាន៩០០ម៉ែត្រហើយ ។​ ប៉ុន្តែពេលជីកជិតទៅដល់ចំណុចដីស្រែរបស់ឈ្មោះ សាន មឿន រស់នៅភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក  បែរជាគាត់បានរារាំងមិនអោយគ្រឿងចក្រជីកបន្ត ។ ពោលគឺឈ្មោះ សាន មឿន បានក្រឡាស់ឬក្បត់កិច្ចសន្យាចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ដែលបានយល់ព្រមអោយជីកប្រឡាយទទឹង៥ម៉ែត្របណ្តោយ៣០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ។ ដែលខណៈនោះ លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក ក៏បានចុះពិនិត្យនិងធ្វើជាសាក្សីផងដែរ ។

ប៉ុន្តែនៅពេលកំពុងនិងក្រោយកិច្ចប្រជុំនោះ  ឈ្មោះ សាន មឿន មន្ត្រីចូលនិវត្តន៍នៃមន្ទីរឧស្សាហកម្មនិងជាកសិករភាគីរារាំង ក៏ដូចលោក យឹម សំណាង  អភិបាលស្រុកបាននិយាយថា ៖ មូលហេតុដែលគាត់ផ្លាស់ប្តូរកិច្ចសន្យាផ្តិតមេដៃនោះ  មកពីមានកសិករចំនួន១៤គ្រួសារដែលមានដីស្រែនៅបន្តពីចុងដីស្រែរបស់គាត់បានជំទាស់ដែរ ។ ហេតុនេះ ដើម្បីដោះស្រាយអោយការជីកប្រឡាយនេះធ្លាយពីប្រឡាយមេនៃស្ពានទី១ ដល់ប្រឡាយមេនៃស្ពានទី២ អាងត្រពាំងថ្ម  គឺកសិករទាំងឡាយដែលស្នើសុំខាងលើ ត្រូវចចារនឹងម្ចាស់ដីស្រែ១៤គ្រួសារនោះ  អោយពួកគេយល់ព្រមសិន  ទើបលោក សាន មឿន យល់ព្រមឡើងវិញដែរ ។នៅល្ងាចថ្ងៃដដែល បងប្អូនប្រជាកសិកររាប់សិបគ្រួសារ បាននាំគ្នាទៅបង្ហាញសណ្ឋានទីតាំងដីស្រែនិងកន្លែងជីកប្រឡាយ។

អ្នកស្រី ផាំង ចិន្តា តំណាងកសិករ បានប្រាប់សារព័ត៌មានយើងថា ៖  ប្រឡាយនាំទឹកនេះបានជីកលើតម្រុយប្រឡាយចាស់ តំណាលគ្នានឹងការស្ថាបនាអាងត្រពាំងថ្មកាលជំនាន់ប៉ុលពត ។

អ្នកស្រីបានបន្តថា ៖ ការជីកប្រឡាយនេះ ក៏មានម្ចាស់ស្រែនៅខាងដើមទីបានយល់ព្រម ហើយចូលរួមជីកបានមួយចំនួនហើយដែរ ។ ក្នុងនោះឈ្មោះ សាន មឿន ក៏ធ្លាប់បានយល់ព្រមនិងផ្តិតមេដៃអោយជីកប្រឡាយបន្តដែរ ។ ប៉ុន្តែក្រោយមកលោកបានក្បត់កិច្ចសន្យានោះទៅវិញ  ហើយដើរញុះញង់អ្នកផ្សេងបង្កឲ្យរាំងស្ទះការអភិវឌ្ឍន៍នេះទៀត ។

តំណាងម្នាក់ទៀតនិងជាអនុប្រធានសហគមន៍ប្រើប្រាស់ទឹកអាងត្រពាំងថ្ម លោក ព្រឹម ស៊ិញ កសិករ បានប្រាប់សារព័ត៌មានដែរថា ៖ ប្រឡាយនេះសម្រាប់នាំទឹកពីប្រឡាយមេ បង្ហូរទៅប្របនឹងទំនប់អាងនៃខ្សែទឹកខាងលើ រួចបញ្ចូលស្រែប្រាំងនិងវស្សាដើម្បីអោយធ្វើស្រែបាន២ទៅ៣ដង/១ឆ្នាំៗ ។

លោកបានបន្តថា ប្រឡាយនេះ ក៏សម្រាប់បញ្ជូនទឹកអោយហូរពីខ្សែទឹកខាងលើ បំបែកធ្លាក់ចូលទៅប្រឡាយជើងក្អែបកាត់ទទឹងដែលខ្វាត់ខ្វែងផងដែរ ដើម្បីបញ្ចូលទៅវាលស្រែផ្សេងទៀត។ព្រោះថាបើចាំបូមបញ្ជូនទឹកពីប្រឡាយនាំទឹកឬប្រឡាយជើងក្អែបនៅខ្សែទឹកខាងក្រោម​​មកខ្សែខាងលើវិញ រួចបញ្ចូលស្រែ   វាមានការលំបាកនិងចំណាយថ្លៃដើមច្រើន ។

ករណីនេះ កសិករទាំងឡាយបានរិះគន់ លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក ថា មិនឈឺឆ្អាល មិនស្គាល់ទុក្ខលំបាកនិងមិនដោះស្រាយសំណូមពរប្រជាពលរដ្ឋទេ ។ ហើយមានតែធ្វើអោយពលរដ្ឋថ្នាំងថ្នាក់និងអស់ជំនឿរហូតមក ។មិនត្រឹមប៉ុណ្ណោះលោកបែរសមគំនិតនិងតែងតែនៅពីក្រោយបុគ្គលពលរដ្ឋឬឈ្មួញខិលខូចទៅវិញ ។

ចំណែកលោក ឃុត ឃុន  មេឃុំប៉ោយចារបញ្ជាក់ប្រាប់សារព័ត៌មានយើងដែថា ៖ បងប្អូនពលរដ្ឋបានស្នើសុំមកអាជ្ញាធរជីកប្រឡាយចាស់សម្រាប់នាំទឹកចូលស្រែ គឺកុំឲ្យខ្វះខាត ។ហើយមន្ទីរធនធានទឹកខេត្តក៏បានគាំទ្រឲ្យកាយប្រឡាយសម័យប៉ុលពតនេះឡើងវិញ ។តែដោយគម្រោងនេះ  មន្ទីរមិនទាន់មានថវិកា  ទើបលើកទឹកចិត្តឲ្យប្រជាកសិករជីកប្រឡាយនេះដោយខ្លួនឯងសិន។

លោកឃុត ឃុន បានបន្តថា ៖ក្នុងនាមអាជ្ញាធរដែលនៅមូលដ្ឋានជាមួយសុខទុក្ខពលរដ្ឋ  អាជ្ញាធរឃុំត្រូវតែរកការអន្តរាគមន៍ជួយដោះស្រាយសំណូមពររាស្ត្រដើម្បីជីវភាពកសិករ ពិសេសប្រឡាយទឹកនេះឲ្យទាន់រដូវបង្កបង្កើនផលរបស់ពួកគាត់ ។

លោកបន្តថា ៖ ហេតុនេះ បើដំណោះស្រាយរឿងនេះ ត្រឹមឃុំ ស្រុកមិនបានលទ្ធផលទេ គឺមានតែទៅដល់ខេត្តនិងថ្នាក់ជាតិទៀត ។ ព្រោះការជីកប្រឡាយនេះ ស្ថិតលើតម្រុយប្រឡាយចាស់ មិនមែនរំលោភឬប៉ះពាល់លើដីស្រែកម្មសិទ្ធិរបស់ពលរដ្ឋណាម្នាក់ដែរ ។ ម៉្យាងទៀត ក្រៅពីពលរដ្ឋម្នាក់ដែលបង្កការលំបាករាំងស្ទះនេះ  គ្មានពលរដ្ឋឬកសិករណាផ្សេងបង្កជំទាស់ឡើយ ។ ហេតុនេះកសិករតែម្នាក់នេះបង្ករឿង ពុំគួរយកលេសនេះ លេសនោះដែរ ។