ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក អ៊ូ ជួបកុសល អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ​ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ​ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អនុប្រធាន និងប្រធាន អនុប្រធាន មន្រ្ដីជំនាញរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តផ្ទាល់។ ដោយឡែកមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារថវិកាមន្ទីរជំនាញ បានចូលរួមតាមប្រជុំតាមរយៈប្រព័ន្ធវីដេអូzoomនៅតាមមន្ទីរអង្គភាពរបស់ខ្លួនផ្ទាល់។

លោក អ៊ូ ជួបកុសល ក៏បានមានប្រសាសន៍ ដោយផ្នែកលើក្របខ័ណ្ឌគោលនយោបាយ រាជរដ្ឋាភិបាលបានចេញ សារាចរណែនាំ ស្តីពី ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ​ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដើម្បីផ្តល់ជាគោលការណ៍ណែនាំថ្មីៗសម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្ត ចំណូល ចំណាយថវិកាឆ្នាំ ២០២២។ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ​ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវបានរៀបចំឡើងទៅ ក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺកូវីដ -១៩ ដែលរាជរដ្ឋាភិបាល កំពុងតែខិតខំទប់ទល់ និងកាត់បន្ថយផលប៉ះពាល់ នៃវិបត្តិនេះ លើសុខភាព ជីវភាពរស់នៅរបស់ប្រជាជន និងសង្គមសេដ្ឋកិច្ចទាំងមូល។

លោកប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុខេត្ត ​បានផ្តាំផ្ញើ ​ដល់មន្ត្រីជំនាញទាំង​អស់​ត្រូវរៀបចំផែនការ ស្របតាមនីតិ​វិធី​ច្បាប់​។ ​សូម​យក​ចិត្ត​ទុកដាក់ត្រង​ត្រាប់ស្តាប់​អំពី​ខ្លឹម​សារ​ណែនាំ​សំខាន់​ៗ​ក្នុង​កិច្ច​ប្រជុំ​ទាំង​អស់​នេះ ​ដើម្បី​មាន​ចំណេះ​ដឹង​ការងារ​ថ្មី​ៗ​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យយើង​យល់​កាន់​តែ​ច្បាស់​អំពី​ការងារ​ដើម្បី​ឱ្យការ​រៀប​ចំ​ការងារ​មាន​ភាព​ងាយ​ស្រួល និង​រហ័ស ​ចំណេញ​ពេល​វេលា​ផង​ដែរ ​និង​ការ​អនុ​វត្តការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ​៕