ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម អម សុភា រួមនឹងមន្ទីរជំនាញចុះពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ម្ចាស់រោងចក្រ ធី អេស ជី ខេមបូឌា ហ្គាមេន និងរោងចក្រ តិក ហ្វុក នៅក្នុងស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ចុះពង្រឹងអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ម្ចាស់រោងចក្រកាត់ដេរសំលៀកបំពាក់ ភី អេស ជី ខេមបូឌា ហ្គាមេន & រោងចក្រ តិក ហ្វុក ស្ថិតនៅក្នុងភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា រាល់ការអនុវត្តទៅតាមបច្ចេកទេស និងវិធានការនានារបស់ក្រសួងសុខាភិបាល បានត្រឹមត្រូវដូចជា ការលាងសំអាតដៃឱ្យបានញឹកញាប់ ការរក្សាគំលាតសុវត្ថិភាព ពាក់ម៉ាស់ គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ-១៩នេះ ប្រកបដោយប្រសិទ្ធភាព ដូចនេះម្ចាស់រោងចក្រ សហគ្រាសត្រូវតែអនុវត្តឱ្យបានតឹងរឹងបំផុត។ សូមម្ចាស់រោងចក្រ ត្រូវមានការតាមដានចំពោះកម្មករ កម្មការិនី ដោយតម្រូវឱ្យមានការពិនិត្យធ្វើតេស្តរហ័ស( Rapid Test ) ដោយផ្ទាល់ពីម្ចាស់រោងចក្រសហគ្រាស ដោយមានការចូលរួមបណ្តុះបណ្តាលពីមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ ក្រោយពីបានផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ៣ការពារ និង៣កុំ កន្លងមកបានធ្វើឱ្យម្ចាស់រោងចក្រសហគ្រាស ក៏ដូចជាកម្មករ និយោជិកនៅក្នុងរោងចក្រ តិក ហ្វុក និងរោងចក្រ ធី អេស ជី ខេមបូឌា ហ្គាមេន បានអនុវត្តយ៉ាងម៉ត់ចត់ពុំមានការឆ្លងជំងឺកូវីដ-១៩ទៀតឡើយ។

ឯកឧត្តម អម សុភា ក៏បានណែនាំទៅដល់ម្ចាស់រោងចក្រ ត្រូវបន្តផ្សព្វផ្សាយនូវវិធានការឱ្យបានជាប់ជាប្រចាំ ដល់កម្មករ កម្មការិនី កុំឱ្យភ្លេចខ្លួនពីវិធានការការពារខ្លួនរួចផុតពីជំងឺកូវីដ-១៩ ហើយប្រសិនបើមានករណីឆ្លងសូមម្ចាស់រោងចក្រត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរដើម្បីជួយដោះស្រាយឱ្យទាន់ពេលវេលា ៕