រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដើម្បីត្រៀមលក្ខណៈក្នុងការបើកដំណើរការសេដ្ឋកិច្ចក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក លោកប្រធាន មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្ត ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលកិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំថា មកដល់ពេលនេះយើងត្រូវតែរៀនរស់ជាមួយបរិបទថ្មី គឺត្រូវរៀនរស់ជាមួយកូវីដ-១៩ ដោយអនុវត្តរបៀបរស់នៅគន្លងបែបថ្មី អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបឱកាសនៃការបើកដំណើរសាលារៀន និងដំណើរសេដ្ឋកិច្ចអាចប្រព្រឹត្តទៅបាន បើយើងមិនអាចរៀនរស់បែបគន្លងថ្មីនេះទេ ឱកាសនៃការដំណើរការសេដ្ឋកិច្ចក្នុងខេត្តក៏ពិបាកកើតឡើងដែរ និងបណ្ដាលឲ្យប៉ះពាល់ការប្រកបមុខរបរប្រជាពលរដ្ឋ ដោយក្នុងនោះឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានពិនិត្យ រួមមានអភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុក ពិនិត្យមើលតំបន់ និងមើលលទ្ធភាពដែលអាចបើកដំណើរការបាន ដោយត្រូវបើកជាជំហ៊ានៗ និងប្រកបដោយទំនួលខុសត្រូវខ្ពស់។