ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម នៃ ចារី អញ្ជើញដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ចុះពិនិត្យ និងស្រាវជ្រាវលើការស្នើសុំរបស់ប្រជាពលរដ្ឋ លើករណីម្ចាស់ម៉ៅការភាស៊ីផ្សាររមាសបានស្នើឱ្យអភិបាលស្រុកទឹកផុស រុះរើតូបលក់ដូររបស់ខ្លួន

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃព្រហស្បតិ៍​ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកទឹកផុស ចុះពិនិត្យ និងស្រាវជ្រាវលើការស្នើសុំរបស់ឈ្មោះ អ៊ូង ប៊ុនធឿន មកឯកឧត្តម អភិបាលខេត្ត ករណីម្ចាស់ម៉ៅការភាស៊ីផ្សាររមាសបានស្នើឱ្យអភិបាលស្រុកទឹកផុស រុះរើតូបលក់ដូររបស់ខ្លួន។

តាមការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារ ទីតាំងតូបនេះបានសាងសង់លើផ្លូវច្រកចេញ ចូលផ្សាររមាស ដែលជាផ្លូវសាធារណៈ។ ឯកឧត្តម អភិបាលរងខេត្ត បានឱ្យរដ្ឋបាលស្រុកទឹកផុស ជូនដំណឹងជាលាយលក្ខអក្សរ និងកំណត់ឱសានវាទ ឱ្យឈ្មោះ អ៊ួង ប៊ុធឿន រុះរើតូបនេះចេញ ដើម្បីអ្នកវិនិយោគផ្សារអភិវឌ្ឍន៍ប្រពន្ធ័លូរំដោះទឹកភ្លៀងក្នុង និងក្រៅបរិវេណផ្សាររមាសតាមសៀវភៅបន្ទុក។ ក្នុងករណីពុំអនុវត្តតាមការណែនាំ គណៈបញ្ជាការឯកភាពស្រុកត្រូវចុះរុះរើឱ្យខានតែបាន ៕