សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពីធីបិទសិក្ខាសាលាស្ដីពី “ការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS”

ភ្នំពេញ ៖ បន្ទាប់ពីអង្គសិក្ខាសិលាដំណើរការអស់រយៈពេលពេញមួយថ្ងៃរួចមក នារសៀលថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អញ្ជើញជាអធិបតីក្នុងពីធីបិទសិក្ខាសាលាស្ដីពី “ការពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS” ។ អញ្ជើញចូលរួមជាគណៈអធិបតីរួមមាន ឯកឧត្ដមអគ្គនាយករង ប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពីធីនេះមានការអញ្ជើញចូលរួមជាសិក្ខាកាមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញចំណុះស្ថាប័នពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គ្រូឧទ្ទេស ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ក៏ដូចជាការត្រង់ត្រាប់ស្ដាប់របស់សិក្ខាកាមទាំងអស់ និងការចោទជាសំណួរយ៉ាងផុសផុល។ ឯកឧត្ដម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា អង្គសិក្ខាសាលានាពេលនេះ គឺមានគោលបំណងពង្រឹងភាពជាម្ចាស់ការ ការទទួលខុសត្រូវ ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងផ្ដល់ជាអនុសាសន៍ដល់សិក្ខាកាមទាំងអស់សូមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅអនុវត្តក្នុងអង្គភាព របស់ខ្លួនអោយបានល្អប្រសើរ និងចែករំលែកដល់មន្ត្រីក្នុងអង្គភាពខ្លួនផងដែរ។ មួយវិញទៀត សូមរៀបចំការបញ្ចូលទិន្នន័យចូលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS អោយបានទាន់ពេលវេលា តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។