សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេស

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ និងស្នងការនគរបាលខេត្តជាប់ព្រំដែន ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ១០៥រូប។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍ ស្ដីពីការបែងចែករថយន្ដ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ជូនដល់វរសេនាតូចនគរបាលការពារព្រំដែនប្រចាំភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ ជូន សម្ដេចក្រឡាហោម និងអង្គពិធីថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល សម្តេច បានឆ្លៀតយកពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ១៩ គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ ទី២ និងទី៣ នាព្រឹកនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នឹងរៀបចំកត់ត្រារថយន្តទាំង ១៩គ្រឿងនេះ ចូលក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងមហាផ្ទៃ តាមបែបបទ និងនីតិវិធីជាធរមាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ជារួម អំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រហោម ទាំង ៦លើក មានរថយន្តសរុបចំនួន២៦៤ គ្រឿង ក្នុងនោះ ម៉ាក Mazda Pick-Up ៣៣គ្រឿង និងម៉ាក Ford Ranger Pck-Up ២៣១គ្រឿង។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្ដេច ពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមសារជាថ្មីម្ដងទៀត ក្នុងការបែងចែក និងប្រគល់ដល់អង្គភាពនគរបាលជាតិកម្ពុជា ដើម្បីយកទៅប្រើប្រាស់សម្រាប់បំពេញបេសកកម្មរបស់ខ្លួន។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលបានចែករថយន្ដ Ford Ranger Pck-Up ដល់អង្គភាពនគរបាលជាតិទូទាំងប្រទេស តាំងពីឆ្នាំ២០១៩មក មានចំនួនសរុប ២៦៤គ្រឿង។ សម្ដេច ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវថែទាំរថយន្ដទាំងនោះ ឱ្យប្រើប្រាស់យូរអង្វែង សម្រាប់បម្រើក្នុងវិស័យនគរបាលជាតិ។