ព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការ

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការវីនរ៉ក់អន្តរជាតិ

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ នៅអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានប្រារព្ធពិធីចុះ ហត្ថលេខា លើអនុស្សារណៈនៃការ យោគយល់រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង អង្គការវីនរ៉ក់អន្តរជាតិ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ មានការអញ្ជើញ ចូលរួមក្នុងកម្មវិធីមាន លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោក ម៉ារ៍ក ថាយល័រ (Mark Taylor) ប្រធានគម្រោង ប្រយុទ្ធប្រឆាំងអំពើជួញដូរមនសុ្ស (CTIP) តំណាងអង្គការវីនរ៉ក់ និងសហការី ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ទទួលបន្ទុកការងារក្រុមជំនួយកិច្ចការទាំង៦ គ.ជ.ប.ជ ប្រធានលេខាធិការដ្ឋាន ។

អនុស្សរណៈ នៃការយោគយល់នេះ មានគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការរវាង គ.ជ.ប.ជ និងអង្គការវីនរ៉ក់អន្តរជាតិ តាមរយៈCTIP ដើម្បីរួមចំណែកលើកកម្ពស់ ការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្សនិងបង្កើន ប្រសិទ្ធភាពវិធានការប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ។ ពង្រឹងកិច្ចសហការ ដើម្បីឆ្លើយតបចំពោះអនុសាសន៍សម្រាប់កម្ពុជា ដែលមានចែងនៅក្នុង របាយការណ៍ស្តីពីអំពើ ជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិច និងសំដៅលើក កម្ពស់ប្រសិទ្ធភាព វិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

មានមតិចាប់អារម្មណ៍ក្នុងកម្មវិធី តំណាងអង្គការវីនរ៉ក់ លោក ម៉ារ៍ក ថាយល័រ (Mark Taylor) បានសំដែងនូវ សេចក្តីរីករាយស្វាគមន៍ និងបានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប អំពីបុព្វហេតុ និងគម្រោងបេសកម្មការងាររបស់ អង្គការវីនរ៉ក់ ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងប្តេជ្ញាបន្តកិច្ចសហការគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់កិច្ចសហការ និងអនុវត្តផែនការ សកម្មភាពជាតិរបស់គ.ជ.ប.ជ ឲ្យសម្រេចបានគោលដៅ និងមានប្រសិទ្ធភាព ។ តំណាងអង្គការ វីនរ៉ក់ក៏បានលើកឡើងជូនដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អំពីការចាប់ផ្តើម អនុវត្តគម្រោង ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហៅកាត់ថា (CTIP) ដើម្បីពង្រឹងការអនុវត្ត យុទ្ធសាស្រ្ត ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សំដៅបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ពង្រឹងនិង អនុវត្តប្រព័ន្ធ ការពារជនរងគ្រោះ បង្កើនការទទួលខុសត្រូវ ចំពោះមុខច្បាប់ដល់ជន ល្មើសព្រមទាំងបង្កើត និងកែលម្អភាពជាដៃគូរ ដើម្បីឈានទៅលប់បំបាត់អំពើជួញដូរមនុស្ស ។

មានមតិចាប់អារម្មណ៍ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ជូនចំពោះប្រធាន និងសហការីរបស់អង្គការវីនរ៉ក់ លោកជំទាវបានថ្លែងចង្អុលបង្ហាញ អំពីរចនាសម្ព័ន្ធ និង គោលដៅក្នុងការអនុវត្តកិច្ចការងារ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ទាំងកិច្ចសហការ ជាតិនិងជាអន្តរជាតិ ។ បន្ថែមពីនេះ លោកជំទាវក៌បានលើក ឡើងអំពីសារៈសំខាន់ក្នុងកិច្ចសហការគ្នា និងការចែក រំលែកបទពិសោធន៍ និងសមិទ្ធផល ការងារដែលទទួលបាន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្កើន ប្រសិទ្ធភាពការងារ របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកជំទាវបានថ្លែង បញ្ជាក់អំពី ការយកចិត្តទុកដាក់ ក្នុងការអនុវត្តកិច្ចការងារមួយ ចំនួនជាមួយអង្គការ ដៃគូរអភិវឌ្ឍ ផ្សេងទៀត ដែលមានសកម្មភាព និងគោលដៅនៃបេសកកម្មដូចគ្នា គប្បីជៀសវាងការ អនុវត្តជាន់សកម្មភាពនាំឲ្យមានការខាតបង់ពេលវេលា និងធនធានរបស់គម្រោង។ បន្ថែមពីនេះ លោកជំទាវក៏បានលើកឡើងអំពីវឌ្ឍនភាព និងសារៈសំខាន់ របស់កិច្ចការងារប្រមូល ទិន្នន័យពលករ ទេសន្តរប្រវេសន៍តាមព្រំដែន ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមនិងអង្គការដៃគូរអភិវឌ្ឍ បានកំពុងដាក់ឲ្យអនុវត្ត នៅប្រព័ន្ធប្រមូលទិន្នន័យ នៅតាមបណ្តាច្រកចេញចូលព្រំដែនសំខាន់ៗ ដែលអន្តរជាតិ បាននឹងកំពុងមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់លើកិច្ចការងារនេះផងដែរ ៕