ព័ត៌មានអន្តរជាតិ

ចិនបញ្ជាក់ថាខ្លួនមិនទទួលបានសំណើក្នុងការជួយជ្រោមជ្រែងផ្នែកយោធាពីរុស្ស៊ីនោះទេ

(ប៉េកាំង)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២នេះបានឲ្យដឹងថា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកបានអះអាងថា មកទល់ពេលនេះ ស្ថានទូតចិនមិនបានទទួលព័ត៌មានអ្វីអំពីសំណើរបស់រុស្ស៊ីពាក់ព័ន្ធការផ្តល់ជំនួយផ្នែកយោធានោះទេ ហើយជាមួយគ្នានេះ ស្ថានទូតចិនក៏បានគូសបញ្ជាក់ផងដែរថា ការយកចិត្តទុកដាក់របស់ទីក្រុងប៉េកាំង គឺផ្តោតលើការធ្វើឱ្យស្ថានការណ៏តានតឹងក្នុងប្រទេសអ៊ុយក្រែនថយចុះទៅវិញ។

ដោយឡែក តាមការចុះផ្សាយរបស់កាសែតអង់គ្លេស Financial Times កាលពីថ្ងៃអាទិត្យចុងសប្តាហ៏កន្លងទៅ ដោយបានដកស្រង់សម្តីរបស់មន្រ្តីអាមេរិកមួយរូបសុំមិនបញ្ចេញឈ្មោះ បានរាយការណ៏ថា ទីក្រុងមូស្គូបានស្នើសុំប្រទេសចិនសម្រាប់ជំនួយជាគ្រឿងបរិក្ខានិងជំនួយផ្នែកយោធាផ្សេងទៀត ដើម្បីគាំទ្រការវាយប្រហារក្នុងប្រទេសអ៊ុយក្រែន។

របាយការណ៍ដដែលបានបន្ថែមថា សេតវិមានមានក្តីបារម្ភថា ទីក្រុងប៉េកាំងអាចនឹងធ្វើឲ្យខូចកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចក្នុងការជួយអ៊ុយក្រែន ដើម្បីការពារប្រទេសរបស់ពួកគេ ប្រសិនបើចិនជ្រើសរើសធ្វើតាមសំណើបែបនោះមែន។

ព័ត៌មានខាងលើនេះ ត្រូវបានកាសែតអាមេរិក និងកាសែតរបស់បស្ចិមប្រទេសជាច្រើននាំគ្នាយកទៅចុះផ្សាយ។

ទោះជាយ៉ាងណាក្តី នៅពេលដែលត្រូវបានគេសួរអំពីរបាយការណ៏ខាងលើនេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក លោក លៀវ ផឹងយូ (Liu Pengyu) បានប្រាប់សារព័ត៌មាន Reuters ថា ស្ថានទូតចិនមិនទទួលបានអំពីព័ត៌មានអំពីសំណើដូចដែលមន្រ្តីអាមេរិកខាងលើលើកឡើងនោះទេ ដោយលោកបានគូសបញ្ជាក់ថា គោលដៅអាទិភាពរបស់ចិន ក្នុងការដោះស្រាយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺ «ការពារស្ថានការណ៍តានតឹងកុំឱ្យមានការកើនឡើង ឬ កុំឲ្យវាឈានដល់ដំណាក់កាលដែលមិនអាចគ្រប់គ្រងបាន»

ក្រៅពីនេះ លោកបានបន្ថែមថា ទីក្រុងប៉េកាំងរក្សាជំហរអព្យាក្រឹតក្នុងជម្លោះរវាងរុស្ស៊ីនិង អ៊ុយក្រែន ដោយអំពាវនាវឲ្យមានការចរចាបញ្ចប់សង្រ្គាម ប៉ុន្តែទន្ទឹមគ្នានោះ ទីក្រុងប៉េកាំងបានធ្វើការបដិសេធមិនចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ក្នុងការថ្កោលទោស ឬដាក់ទណ្ឌកម្មលើរុស្ស៊ីនោះទេ៕

ប្រភព៖ RT, FN