ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បន្ទាប់ពីហឹ្វកហាត់លំហាត់របៀបនិងទ្រឹស្តីវិន័យ០០៦ របស់នគរបាលជាតិរយៈពេល១សប្តាហ៍សិក្ខាកាម ចំនួន៣៦រូប បានបញ្ចប់វគ្គរបស់ខ្លួនដោយជោគជ័យ

បន្ទាយមានជ័យ ៖ ក្រោយពីហ្វឹកហាត់លំហាត់របៀបអស់រយៈពេល០១សប្តាហ៍ទទួលបានជោគជ័យនោះមក ។ សិក្ខាកាមចំនួន៣៦រូប ត្រូវបានបញ្ចប់វគ្គសិក្សារបស់ខ្លួន។ ថ្មីៗនេះត្រូវបានរៀបចំបិទវគ្គដែលប្រារព្ធធ្វើនៅស្នងការដ្ឋាននគរ​បាលខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកស្នងការរង នាយការិយាល័យ បុគ្គលិក នាយ នាយរងការិយាល័យ បណ្តុះបណ្តាលនិងវិក្រឹត្យការ។

យោងតាមរបាយការណ៍ ការិយាល័យ បណ្តុះបណ្តាលនិងវិក្រឹត្យការបានបង្ហាញថា ៖​ នេះគឺជាវគ្គទី២ហើយ ដែលការិយាល័យ បណ្តុះបណ្តាលនិងវិក្រឹត្យការ បានរៀបចំបើកវគ្គហ្វឹកហាត់លំហាត់របៀបជូនដល់កងកម្លាំងនគរបាលតាមបណ្តាការិយាល័យជំនាញចំណុះ ស្នងការដ្ឋាន តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងការគ្រប់គ្រងផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ក្នុងគោលបំណងដើម្បីជាការក្រើនរំលឹកអំពីលំហាត់របៀប និងទ្រឹស្តីវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ។ នៅក្នុងវគ្គទី២នេះ មានសិក្ខាកាមចូលរួមរៀនសូត្រចំនួន៣៦នាក់ ក្នុងនោះស្រី០១នាក់ ។ ចំពោះខ្លឹមសារនៃមេរៀនមាន៖១/-វិន័យរបស់កងកម្លាំងនគរបាលជាតិនិងភាពជាអ្នកដឹកនាំ,២/-កិច្ចការងាររដ្ឋបាល,៣/-លំហាត់របៀបក្នុងនោះមាន៖របៀបតម្រង់កងជួរ,របៀបគោរពគំនាប់និងរបៀបរាយការណ៍ ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ស្នងការ និងក្នុងនាមលោកផ្ទាល់សូមធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខិតខំរៀនសូត្រក្នុងរយៈពេល១សប្តាហ៍នេះ របស់សិក្ខាកាមទាំង៣៦រូបនិងយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់គ្រូបង្គោល រហូតទទួលបានជោគជ័យ ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា ៖ ជាមួយនឹងការបិទវគ្គនេះ លោកឧត្តមសេនីយ៍ស្នងការបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ក្រោយពីបញ្ចប់វគ្គនេះទៅ ពេលត្រឡប់មកកាន់អង្គភាពដើមវិញ សូមឲ្យអស់លោកត្រូវយកចិត្តទុកដាក់យកចំណោះដឹងទាំងឡាយដែលបានរៀនសូត្រកន្លងមក ពិសេសវិន័យនិងការគោរព គំនាប់នេះ ដោយអនុវត្តតាមឋានានុក្រមនៃឋានន្តរសក្តិ ដែលនេះគឺកាយវិការរបស់កងកម្លាំងប្រដាប់អាវុធ អ្នកមានឋានន្តរសក្តិទាប ត្រូវគោរព គំនាប់ចំពោះអ្នកមានឋានន្តរសក្តិខ្ពស់ជាងខ្លួនឬមេកើយរបស់ខ្លួននិងអនុវត្តរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំអង្គភាពប្រគល់ជូន។ ជាមួយគ្នានោះផែនការងារធនធានមនុស្ស (ការិយាល័យបុគ្គលិកនិងបណ្តុះបណ្តាល)ត្រូវរៀបចំឈ្មោះដើម្បីបន្តរៀនសូត្រវគ្គទី៣ទៀត ៕