ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អគារថ្មីរបស់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចំនួន​០៣​បន្ថែម​ បានជួយសម្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ​ និងបានផ្ដល់សេវាសំណូមពីបងប្អូនប្រជាពលរដ្ឋកាន់តែឆាប់រហ័ស

កំពង់ចាម៖ នៅព្រឹកថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់​ ជួសជុល​ កែលម្អ នូវអគារមួយចំនួនក្នុងស្រុកកោះសូទិន​ និងស្រុកស្រីសន្ធរ៖

១-ស្រុកកោះសូទិន​
+ប៉ុស្ដិ៍​នគរបាលរដ្ឋបាលមហាខ្ញូង​ សាងសងរួចរាល់១០០%​ មានទំហំ ​១១មx៩ម​
+ប៉ុស្ដិ៍​នគរបាលរដ្ឋបាលព្រែកតានង់​ សាងសង់សម្រេចបាន៥០%​ មានទំហំ​ ១១ម​x៩ម

២-ស្រុកស្រីសន្ធរ​
+ប៉ុស្ដិ៍​នគរបាលរដ្ឋបាលកោះអណ្ដែត​ សាងសងរួចរាល់១០០%​ មានទំហំ​ ១១មx៩ម​
+​ការត្រៀមបន្តជួសជុលកែលម្អ​រ​ ផ្នែក​ខាងក្នុងនៃអគារ​អធិការដ្ឋាន​ ដេីម្បីរៀបចំបង្កឲ្យមានលក្ខណៈជាទម្រង់​ សមស្របតាមបណ្ដាផ្នែកជំនាញនីមួយៗ​ បម្រើ​ការងារ​ និងទុកដាក់ឯកសារឲ្យបានងាយស្រួល​ ព្រមមានទាំងរោងសម្រាប់ទុកមធ្យោបាយ​ សម្ភារៈ​ បន្ទប់សម្រាករបស់កម្លាំងអន្តរាគមន៍ពិសេស​ និងរោងអាហារ​ ជាដេីម​ ។

សូមបញ្ជាក់​ផងដែរ​ថា​ អគារប៉ុស្ដិ៍​ទាំងបី​នេះ​ បានសាងសង់សមស្របតាមបច្ចេកទេសបទដ្ឋាន​ជាទម្រង់របស់ក្រសួងមហាផ្ទៃ​ និងការជួសជុលកែលម្អអគារអធិការដ្ឋាននេះ ​ដោយទទួល​បានការផ្តួចផ្ដេីមកសាងពីសំណាក់ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត​ លោកឧត្តមសេនីយ៍ស្នងការ លោក-លោកស្រី​អធិការ​-អធិការរង​ រហូត​ដល់​មន្រ្តី​ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន​ និងស្រុកស្រីសន្ធរ ព្រមទាំង​សប្បុរសជន​នានា ក្នុងនិងក្រៅស្រុក​ ដែលត្រូវចំណាយអស់ថវិកាប្រមាណ​​ ជាង៧មុឺនដុល្លារអាមេរិច គ្រោងនឹងសម្ពោធឲ្យប្រេីប្រាស់ជាផ្លូវការ​ នាពេលឆាប់ៗខាងមុខនេះ​ ។

ក្នុង​ឱកាស​ចុះត្រួតពិនិត្យនោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ ក៏បានណែនាំ និងពង្រឹងបន្ថែមអំពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់​ ព្រមទាំង​បាន​នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ នូវថវិកា​ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន​ ឧបត្ថម្ភ​ដល់កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ផងដែរ​ ៕